ភ្នំពេញ៖ ស្រ្តីម្នាក់ ព្រោះតែមិនទាន់មានការងារធ្វេីគ្មានលុយបង់ថ្លៃបន្ទប់ជួល ក៏បានសម្រេចចិត្តធ្វើសកម្មភាពលួចយកខោអាវឈុត របស់អាជីវករនៅក្នុងផ្សារQMI ច្រកក្នុងថង់ខ្មៅបម្រុងគេចខ្លួន ប៉ុន្តែត្រូវម្ចាស់គេឃើញទាន់ក៏ឃាត់ខ្លួនប្រគល់ឲ្យនគរបាលនាំទៅសាកសួរ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នៅក្នុងផ្សារQMIស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ។
ស្រ្តីខាងលើឈ្មោះស៊ុន ធីតា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅក្នុងខេត្តកំពង់ឆ្នាំង និងស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រ្តីខាងលើបានដើរចូលទៅក្នុងផ្សារQMI បន្ទាប់មកបានដើរចូលតូបលក់សម្លៀកបំពាក់មួយកន្លែង រួចក៏ធ្វើសកម្មភាពលួចយកខោអាវឈុតសម្រាប់ដេកយប់៤ទៅ៥កំប្លេរច្រកចូលក្នុងថង់ខ្មៅបម្រុងគេចខ្លួន ប៉ុន្តែត្រូវបានអ្នកលក់ឃើញទាន់ក៏ស្រែកឆោរឡោ និងចាប់ខ្លួនប្រគល់ឲ្យនគរបាលតែម្ដង។
ក្រោយចាប់ខ្លួនសួរនាំ រូបនាងបានប្រាប់ថា ក្រោយពីត្រឡប់មកពីស្រុកកំណើតវិញ ក្រោយថ្ងៃចូលឆ្នាំហើយអត់មានការងារធ្វើ នឹងអត់មានលុយចាយ ព្រមទាំងគ្មានលុយឲ្យថ្លៃផ្ទះជួលក៏បានដាច់ចិត្តលួចខោអាវគេដើម្បីយកទៅលក់យកលុយចាយវាយតែត្រូវម្ចាស់ចាប់ខ្លួនបែបនេះតែម្ដង ។
បច្ចុប្បន្ន នាងសង្ស័យបន្ទាប់ពីនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឃាត់ខ្លួនសាកសួររួចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាហើយបានដោះលែងវិញ ៕ដោយ៖សុខា សែនជ័យ