ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះករណីកាប់ឆា្ករព្រៃដែនជម្រកសត្វព្រៃ យកដីធ្វើចំការច្រើនកន្លែង

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៤ខែឧសភាឆ្នាំ២០២០ បានរាយការណ៍ព័ត៌មានលើបណ្តាញសង្គម ហ្វេសប៊ុកថា ពីការងាររបស់មន្ត្រីឧទ្យានុរក្ស បរិស្ថានខេត្ដព្រះវិហារ និងបរិស្ថានខេត្តកំពង់ធំ បានចុះល្បាតក្នុងដែនជម្រកសត្វព្រៃ រហូតឈានដល់ការឃាត់ខ្លួនមនុស្ស២នាក់ ដែលកំពុងឆ្ការព្រៃដោយខុសច្បាប់ ព្រមទាំងរឹបអូសបានវត្ថុតាង ដូចជា រណារយន្ត កាំបិតផ្គាក់ ម៉ាស៊ីនត្រង់ស៊ូន័រ និងកាំភ្លើងកែច្នៃផងដែរ។

     បើតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្ដព្រះវិហារ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព មន្ត្រីឧទ្យានុរក្សបានចុះល្បាតនៅចំណុចព្រៃរំពុក និងចំណុចព្រៃដូនអ៊ិន ស្ថិតនៅភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ឆែកឆេរជំរុំមួយកន្លែង រកឃើញឧបករណ៍ឆក់ត្រី ១គ្រឿង ដោយវត្ថុតាងត្រូវបានយកមករក្សាទុកនៅទីចាត់ការតាកឹង និងដោយឡែកនៅដែនជម្រកសត្វព្រៃព្រះរកា មន្ត្រីឧទ្យានុរក្សបានចុះល្បាតដល់ចំណុចអូរតាម៉ាក ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ជួបបទល្មើសអារឈើប្រើរណារយន្ត ១គ្រឿង និងបរបាញ់សត្វប្រើអាវុធកែច្នៃ១ដើម ដោយវត្ថុតាងត្រូវបានយកមករក្សាទុក នៅស្នាក់ការដំរីបូត។ 

ចំណែកឯនៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការភ្នំត្នោត បានចុះល្បាតតាមផែនការ គឺចំនួន៤ថ្ងៃ និង៣យប់ បានដកហូតរណារយន្ត ១គ្រឿង នៅចំណុចត្រពាំងខ្នាតាផ្លុង ស្ថិតនៅក្នុងភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលែន និងទន្ទឹមនេះ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងអូរពោធិ៍ បានចុះល្បាតដល់ចំណុចតាពេចន៍ ស្ថិតនៅក្នុងភូមិអូរពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ជួបប្រជាពលរដ្ឋនាំយករណារយន្តចូលក្នុងតំបន់ការពារធម្មជាតិ ដោយវត្ថុតាងត្រូវបានដកហូតមករក្សាទុក។

ចំណែកមន្ទីរបរិស្ថានខេត្តកំពង់ធំក៏បានរាយការណ៍ផងដែរថា នៅថ្ងៃទី៣ ខែឧសភា ឆាំ្ន២០២០ នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» មន្ត្រីឧទ្យានុរក្សសា្នក់ការអូរក្រពើ សា្នក់ការអូរផ្អាវ និងសា្នក់ការ៤៤ បានសហការចុះល្បាតនៅតំបន់តាប៉ុក តំបន់អូរឈ្ពង់ និងតំបន់វាល០៦ ជួបប្រទះករណីកាប់ឆា្ករព្រៃ យកដីធ្វើចំការដោយជនសង្ស័យ ២នាក់ ប្រើប្រាស់រណារយន្ត ១គ្រឿង ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង និងកំបិតឆ្ការដងវែង ២ដើម ដោយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់មន្ទីរបរិស្ថានខេត្ត ដើម្បីចាត់វិធានការទៅតាមវិធានច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ។ 

ចំណែកឯនៅតំបន់របៀងអភិរក្សជីវចម្រុះឧត្ត មន្ត្រីឧទ្យានុរក្សសា្នក់ការអូរដៃជ្រៃ សា្នក់ការអូរតាព្រហ្ម និងសា្នក់ការ៤៤ បានសហការចុះល្បាតនៅតំបន់ដំណាក់កកោះ តំបន់ក្បាលសឹ្ទង និងតំបន់ដំណាក់ត្រសេក ជួបប្រទះករណីលួចកាប់អុសស្រស់ ប្រើប្រាស់រណារយន្ត ៣គ្រឿង ដោយវត្ថុតាងត្រូវបានយកមករក្សាទុកនៅសា្នក់ការអូរដៃជ្រៃ៕​ ដោយ៖នរិន្ទ្រ


ចែករំលែក៖