ភ្នំពេញ៖ ក្នុងសំណួរជាច្រើនរបស់អ្នកកាសែតកាលពីថ្ងៃទី៤ ខែ ឧសភានេះ ជុំវិញអាចដំណើរការអាជីវកម្មនៅកម្ពុជាឡើងវិញបានទេនោះ មានសំណួរមួយសួរថា ក្នុងកាល:ទេស:នេះ តើក្រសួងសុខាភិបាលអាចអនុញ្ញាតឲ្យបើក KTVឡើងវិញបានទេ?សំណួរនេះត្រូវបានលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា ពេលនេះ ជាពេលវេលាត្រូវទប់ស្កាត់ជំងឺកូវីដ-១៩ មិនមែនជាពេលដែលត្រូវការសប្បាយនោះទេ។
លោករដ្ឋមន្រ្តីថ្លែងថា សូមពលរដ្ឋយោគយល់ពីស្ថានការណ៍ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា បើអត់ខារ៉ាអូខេ ក៏អត់ងាប់ដែរ។បើអផ្សុកណាស់រៀបចំកម្មវិធីច្រៀងនៅតាមផ្ទះជាលក្ខណៈគ្រួសារ ប្រសើរជាងទៅហាង ខារ៉ាអូខេ ខាងក្រៅដែលងាយជួបហានិភ័យ ពព្រោះកន្លែងទាំងនោះងាយឆ្លងជំងឺកូវីដ-១៩ខ្លាំងណាស់។
ចំណែក លោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈនេះ វាជាពេលវេលាដ៏លំបាក សម្រាប់កម្ពុជាក្នុងការអនុញ្ញាតបើកអាជីវកម្មវិញ ព្រោះមេរោគនៃជំងឺកូវីដ-១៩នេះ វាអាចទំលើវត្ថុ និងទីតាំងដែលគ្មានខ្យល់ចេញចូល ជាពិសេសកន្លែងប្រមូលផ្តុំ ដូចជាKTV នេះជាដើម។ តែលោកស្រីបានសង្កត់ធ្ងន់ថា បើរដ្ឋាភិបាលចង់ឱ្យអាជីវកម្មមួយចំនួនដំណើរការវិញនោះ គឺត្រូវធ្វើឡើងមួយជំហានម្ដងៗ ដោយមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ចៀសវាងជំងឺកូវីដ-19 លាប់ឡើងវិញ ៕ដោយ៖ប្រាថ្នា