អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានបញ្ជាក់ថា រដូវកាលក្របខ័ណ្ឌកំពូលអាល្លឺម៉ង់ Bundesliga អាចចាប់ផ្តើមប្រកួតឡើងវិញនៅខែឧសភានេះ។ ការចាប់ផ្តើមនេះនឹងក្លាយជាលីកធំដំបូងគេនៅអឺរ៉ុបដែលវិលមកចូលរួមប្រកួតប្រជែងវិញដោយកាលបរិច្ឆេទសម្រាប់ការបន្តត្រូវបានបញ្ជាក់ដោយសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFL) នៅថ្ងៃព្រហស្បតិ៍នេះ។ប៉ុន្តែរាល់ការប្រកួតទាំងអស់នឹងត្រូវលេងដោយបិទទ្វារគឺមិនមានអ្នកគាំទ្រក្នុងកីឡដ្ឋាន។
ការប្រកួតលីកកំពូលអាល្លឺម៉ង់នេះគឺនៅសល់៩ ប្រកួតទៀតក្រុម Bayern Munich ឈរកំពូលតារាង លើក្រុម Borussia Dortmund តែ៤ពិន្ទុប៉ុណ្ណោះ។
ប្រធានក្លិប Bayern Munich លោក Karl Heinz Rummenigge បាននិយាយថា “ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកនយោបាយទាំងអស់ដែលបានផ្តល់នូវការសម្រេចចិត្តនៅថ្ងៃនេះ និងដើម្បីបញ្ចប់រដូវកាល Bundesliga។ឥឡូវនេះយើងកំពុងទន្ទឹងរងចាំការលេងឡើងវិញ ជាពិសេសពីពាក់កណ្តាលខែឧសភា។ ខ្ញុំសូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវគោរពតាមតម្រូវការដែលជាមូលដ្ឋានសម្រាប់លេងឡើងវិញដែលមានលក្ខណៈគំរូនិងមានវិន័យខ្ពស់បំផុត” ។
លោក Christian Seifert នាយកប្រតិបត្តិនៃ DFL បាននិយាយថា“ការសម្រេចចិត្តនៅថ្ងៃនេះគឺជាដំណឹងល្អសម្រាប់ Bundesligaនិង Bundesliga 2 ។ វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការទទួលខុសត្រូវដ៏ធំធេងសម្រាប់ក្លិបនិងនិយោជិករបស់ពួកគេក្នុងការអនុវត្តនូវតម្រូវការវេជ្ជសាស្រ្ត និងការរៀបចំក្នុងលក្ខណៈវិន័យឲ្យបានត្រឹមត្រូវ” ។
លោក Christian Seifert បានបន្តថា “ការប្រកួតដែលគ្មានអ្នកទស្សនាមិនមែនជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នកណាម្នាក់នោះទេ។ នៅក្នុងវិបត្ដិមួយដែលគំរាមកំហែងដល់ ស្ថេរភាពរបស់ក្លិបខ្លះទោះជាយ៉ាងណាក៏ដោយវាជាមធ្យោបាយតែមួយគត់ដើម្បីរក្សាលីកក្នុងពេលបច្ចុប្បន្នរបស់ពួកគេ ដែលរងការគំរាមកំហែងដោយវីរុសកូរ៉ូណា”៕ដោយ៖ភាៈ