ខេត្តស្វាយរៀង ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជូនមកតុលាការខេត្តស្វាយរៀងនៅព្រឹកថ្ងៃ ទី០៧ ខែឧសភា ឆ្នាំ២០២០ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា
កាលនៅវេលាម៉ោង ៩និង១៥ នាទី យប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចមុខកាស៊ីណូ ថាយថិន ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើការចាប់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ង្វៀង វ៉ាន់សាម ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នាំខ្លួនមកសាកសួរនៅមូលដ្ឋានកងរាជ អាវុធហត្ថក្រុងបាវិត រួមទាំងដកហូតវត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច។
ប្រភពបន្តថា ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថធ្វើការសាកសួរឈ្មោះ ង្វៀង វ៉ាន់សាម បានសារភាពថា៖ ខ្លួនបានទិញថ្នាំញៀនពីបុរសម្នាក់ធ្វើការនៅការដ្ឋានសំណង់ និងស្នាក់នៅទីនោះតែម្តង រហូតដល់វេលាម៉ោង ១១យប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានឱ្យឈ្មោះ ង្វៀង វ៉ាន់សាម ទៅចង្អុលបង្ហាញកន្លែងស្នាក់នៅរបស់ជនសង្ស័យ ទើបចាប់ខ្លួន ជនសង្ស័យចំនួន ០២នាក់ ទៀតនៅចំណុចការដ្ឋានសំណង់នៅខាងមុខកាស៊ីណូថាយថិន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងមានឈ្មោះ ត្រឹង មិញទៀន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងផ្សារដែក បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ ត្រឹង ក្វឹកឌឹក ភេទប្រុសអាយុ ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ស្ថិតក្នុង ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្ថែមថាចំណែក វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់, ទូរស័ព្ទដៃចំនួន ០២ គ្រឿងនិងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ៕ យឹម សុថាន