ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នេះ បានក្រើនរំឮកដល់បងប្អូនជនរួមជាតិ និងក្មួយៗ គឺត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ចៀសវាងការឆ្លងរោគកូវីដ១៩ ។
សម្តេចបានថ្លែងក្នុង Facebook ផ្លូវការថា៖
ឆ្លៀតពេលនេះ ខ្ញុំសូមដាស់តឿននិងក្រើនរំឮកដល់បងប្អូនជនរួមជាតិ និងក្មួយៗ គឺត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ចៀសវាងការឆ្លងរោគកូវីដ១៩។ ទោះបីអត្រាឆ្លងនៃជំងឺកូវីដ១៩ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាយើងក្តី ហើយអត្រានៃការព្យាបាលអ្នកជំងឺនេះបានជាសះស្បើយនៅសល់តែ២នាក់ទៀតប៉ុណ្ណោះក្តី ក៏យើងមិនត្រូវធ្វេសប្រហែស ហើយគិតស្រាលថាជំងឺនេះមិនអីទេនៅក្នុងប្រទេសកម្ពុជាឬគិតថាកម្ពុជាជាប្រទេសក្តៅមិនងាយឆ្លង គឺមិនដូច្នេះទេ។ ព្រោះជំងឺនេះជាជំងឺកាចសាហាវហើយងាយឆ្លងពីម្នាក់ទៅម្នាក់លឿនខ្លាំងណាស់។
សម្តេចបន្តថា៖ មកទល់ពេលនេះទាំងកម្ពុជា និងពិភពលោកគឺកំពុងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយថ្នាំព្យាបាលជំងឺនេះក៏មិនទាន់រកឃើញនៅឡើយដែរ។ ដូច្នេះជំងឺដ៏កាចសាហាវនេះ នៅតែបន្តយាយីអាយុជីវិតពលរដ្ឋនៅទូទាំងពិភពលោក ដែលប្រទេសមួយចំនួនធំកំពុងបិទប្រទេសគេនៅឡើយ។
ទោះបីនៅក្នុងរាជធានីភ្នំពេញក្តី ឬនៅតាមបណ្តាខេត្តក្រុងឬជនបទក្តី សូមបងប្អូនបន្តពាក់ម៉ាស ឬក្រមាការពារ និងដុសលាងសម្អាតដៃដោយទឹកអាល់កុល ឬទឹកជឹលសម្អាតកម្ចាត់មេរោគនឹងបាក់តេរីផ្សេងៗអោយបានជាប្រចាំ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដែលនាំមកនូវការសោកស្តាយអស់មួយជីវិត។
សម្តេចសូមរាយការណ៍មកក្រសួងសុខាភិបាលជាបន្ទាន់ក្នុងករណីមានការសង្ស័យណាមួយតាមរយៈលេខ ១១៥ ៕
ដោយ៖សុខ ខេមរា