ភ្នំពេញ ៖ អាជ្ញាធរសង្កាត់ ទួលស្វាយព្រៃទី២ ក្នុងមូលដ្ឋាន ខណ្ឌបឹងកេងកងមិនបានយកចិត្តទុកដាក់ អនុវត្តន៍ទៅតាមគោលការណ៍របស់រដ្ឋបាលសាលារាជធានីភ្នំពេញនោះឡើយ ផ្ទុយស្រលះទៅវិញ បែរជាបណ្ដែតបណ្ដោយឲ្យរថយន្តឈប់ចតសាងទំនិញនឹងដាក់បន្លែផ្លែឈើពេញផ្លូវយ៉ាងអាណាធិបតេយ្យ បង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យបាត់បង់នូវសោភ័ណ្ឌភាពទីក្រុង ព្រោះតែអាជ្ញាធរគិតផលប្រយោជន៍ ចូលហោប៉ាវផ្ទាល់ខ្លួន មិនខ្វល់ពីអ្វីទាំងអស់ ។
ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ បានលើកឡើងថា អ្វីដែលអាជ្ញាធរសង្កាត់ទួលស្វាយព្រៃទី២ ផ្ទុយពីសាលារាជធានីភ្នំពេញ បានយកចិត្តទុកដាក់រំដោះចិញ្ចើមផ្លូវសារធារណៈនានា ក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ជៀសបញ្ហាការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ខិតខំរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈឲ្យមានសោភ័ណ្ឌភាពស្រស់ស្អាត ដូចពាក្យស្លាកថា”ទីក្រុងស្អាត បរិស្ថានល្អ និងសេវាកម្មល្អ” ។
ពលរដ្ឋបន្តថា ជាក់ស្តែងនៅកំណាត់ផ្លូវលេខ២១៧ ផ្លូវលេខ៣៥៦ ផ្លូវលេខ៣៦៤ ផ្លូវលេខ៣៧៤ នឹងផ្លូវជាប់របងសាលាទួលស្វាយព្រៃ ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី២ កំពុងតែក្លាយជាចំណតរថយន្តសាងទំនិញ នឹងជាកន្លែងដាក់ទំនិញរបស់អាជីវករពេសពេញផ្លូវទៅហើយដែលបង្កការកកស្ទះចរាចរណ៍ ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសធ្វើឲ្យបាត់បង់សោភ័ណភាពតាមដងផ្លូវសាធារណៈដែលអាចកើតមានគ្រោះថ្នាក់ចរាចរណ៍ដោយជាយថាហេតុ។
ដោយឡែកមហាជនទូទៅ បានលើកឡើងដែរថា ផ្លូវសាធារណៈដែលក្លាយជាចំណតសាងទំនិញ ដាក់តាំងទំនិញ យ៉ាង អាណាធិតេយ្យបង្កឲ្យមានការកកស្ទះចរាចរណ៍ យ៉ាងខ្លាំងនេះ ប្រហែលជាក្រុមឈ្មួញទាំងនោះមានលាភសក្ការៈ ដល់អាជ្ញាធរមូលដ្ឋាន ហើយទើបក្រុមអាជីវករអាចដាក់ទំនិញតាំងលក់ដូរ បន្លែរ ផ្លែឈើ ទំនិញផ្សេង នឹងឈប់ចតរថយន្តសាងទំនិញពេញផ្លូវសាធារណៈបានដោយរលូនយ៉ាងនេះ មិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចំពោះការដាក់ទំនិញតាំងលក់ដូរ នឹងឈប់ចតរថយន្តយ៉ាង អាណាធិតេយ្យនេះឡើយ។
ចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រមទាំងលោកចៅសង្កាត់ទួលស្វាយព្រៃទី២ នឹងមានវិធានការចាត់ការដោះស្រាយបញ្ហាខាងលើនេះផង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ កុំគិតតែទទួលផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនឹងសង្គម ៕ដោយ៖អឿន ភារ៉ា