ព័ត៌មានទាន់ហេតុការណ៍៖

អ៊ឹង និមល មកដល់ទឹកដីកំណើតក្រោយជាប់គាំងនៅអូស្ត្រាលីព្រោះកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ព្រោះបញ្ហាជំងឺកូវីដ១៩ តារាសម្តែង និងចម្រៀង កញ្ញា អ៊ឹង និមល បានជាប់គាំងនៅប្រទេសអូស្ត្រាលី៣ខែមកហើយ ក្រោយពីនាងបានចេញដំណើរទៅច្រៀងរាំ និងថតឈុតសម្លៀកបំពាក់នៅទីនោះ។ ពេលនេះនាងបានវិលមកដល់ទឹកដីកំណើតវិញហើយក្រោយពីព្យាយាមស្វែងរកមធ្យោបាយដើម្បីមកទឹកដីកំណើតវិញ។
អ៊ឹង និមលបានលើកឡើងថា មុននឹងបានត្រឡប់មកស្រុកវិញនាងបានជួប​នូវការលំបាកជាច្រើន ព្រោះជើងហោះហើរទាំងអស់ត្រូវបានផ្អាកបណ្តោះអាសន្ន តែសំណាងល្អក្រោយពីនាងព្យាយាមទំនាក់ទំនងជាមួយក្រុមហ៊ុនលក់សំបុត្រយន្តហោះជាប់ជាប្រចាំ និងសុខចិត្តថែមលុយទិញសំបុត្រ VIP ។ នាងថានាង អាចត្រឡប់មកវិញបាន ដោយសារទិដ្ឋាការរបស់នាងត្រូវបានផុតកំណត់ និងទី២ ដើម្បីកុំឲ្យខុសច្បាប់ នាំមានបញ្ហា ហើយនាងពិតជាសប្បាយចិត្តដែលបានមកដល់ទឹកដីកំណើត។ នាងថានៅអូស្ត្រាលីនាងមានការបារម្ភខ្លះ ប៉ុន្តែនាងពេញចិត្តក្រោយពីទទួលបានការស្វាគមន៍ពីបងប្អូននៅទីនោះ។ តារាសម្តែងរូបនេះ នៅមិនទាន់ទទួលការងារសិល្បៈ ឬចេញទៅក្រៅជួបមិត្តភក្តិ នៅឡើយទេ នាងត្រូវសំងំនៅផ្ទះដាច់ដោយឡែកពីគេរហូតដល់ទៅ ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ប្រសិនបើគ្មានអ្វីទើបនាងទទួលការងារវិញជាធម្មតា។ អ៊ឹង និមល រីករាយក្នុងការអនុវត្តគោលការណ៍ដែលរដ្ឋាភិបាល ដើម្បីសុវត្ថិភាពគ្រួសារ និងអ្នកនៅជុំវិញខ្លួន ហើយនាងរំពឹងដែរថានឹងទទួលបានការងារសិល្បៈជាថ្មីក្នុងពេលដ៏ខ្លីខាងមុខ៕ដោយ៖វឌ្ឍនា


ចែករំលែក៖