ព័ត៌មានទាន់ហេតុការណ៍៖

អាជីវកម្មបូមខ្សាច់មួយសម្ងំលួចលាក់បូមខ្សាច់គ្មានច្បាប់នៅតំបន់មាត់បឹងព្រៃលិចទឹកក្នុងឃុំទឹកហូត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ម៉ាស៊ីនបូមខ្សាច់មួយកន្លែងកំពុងដាក់ដំណើរការបូមខ្សាច់យ៉ាងរំភើយ ដោយគ្មានការរំខានពីមន្រ្តីជំនាញ និងអាជ្ញាធរនោះឡើយ បើទោះបីជាទីតាំងបូមខ្សាច់មួយនេះ ត្រូវបានគេប្រាប់ថានៅមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយក្តី។  បច្ចុប្បន្នឈ្មួញបានលួចយកទៅដាក់បូមខ្សាច់ជាប់មាត់បឹងខ្លរក្នុងភូមិឈូងព្រាល ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង   

ប្រជាពលរដ្ឋម្នាក់ស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះថា ជារៀងរាល់ថ្ងៃម៉ាស៊ីនបូមខ្សាច់នេះបានធ្វើសកម្មភាពបូមតាំងពីព្រឹកដល់ល្ងាច សម្ងំលាក់ខ្លួនក្នុងព្រៃនៃឃុំទឹកហូតអស់រយៈពេលជាង១ខែមកហើយ  មិនដឹងថា អាជ្ញាធរ ឬមន្រ្តីជំនាញដឹងដែរឬក៏អត់នោះទេ ដែលការបូមខ្សាច់ត្រូវបានគេអះអាងថា សង្ស័យពុំមានច្បាប់ត្រឹមត្រូវឡើយ។

ករណីនេះត្រូវបានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្នើសុំមន្ត្រីជំនាញ និង អ្នកពាក់ព័ន្ធចុះបង្ក្រាបផង ដើម្បីរួមគ្នាការពារច្បាប់ការពារធនធានធម្មជាតិរបស់រដ្ឋឱ្យបានគង់វង្ស ។

ពាក់ព័ន្ធនិឹងករណីបូមខ្សាច់ខាងលើនេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង បានឆ្លើយប្រាប់អ្នកកាសែតនគរវត្ត នៅថ្ងៃទី១១ ខែឧសភានេះថា រឿងច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មបូមខ្សាច់ជាសមត្ថកិច្ចរបស់មន្ទីររ៉ែ និងថាមពលខេត្ត ។ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តមិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរសព្ទ័មិនចូល ។

ករណីនេះត្រូវបានមហាជនដាក់ជាចម្ងល់ថា តើអាជ្ញាធរ មន្រ្តីជំនាញត្រូវធ្វើយ៉ាងណាចំពោះ អាជីកម្មបូមខ្សាច់មួយនេះ បើខាងជំនាញនីមួយៗ រុញច្រានដាក់គ្នាបែបនេះ  ។ ប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច មន្រ្តីជំនាញទាំងអស់ដែលពាក់ព័ន្ធ ចុះទៅឱ្យបានឆាប់បើពុំដូច្នោះទេ អាជីវកម្មបូមខ្សាច់មួយនេះ នឹង បូមខ្សាច់ដែលជាធនធានដ៍មានតម្លៃយកទៅលក់យ៉ាងរំភើយ ហើយនិងបង្កផលប៉ះពាល់ដល់មូលដ្ឋាននេះជាក់ជាមិនខានឡើយ ដូចជាបង្កឱ្យបាក់ច្រាំងជាដើម ៕ដោយ៖ចន្ថា


ចែករំលែក៖