មកទល់ពេលនេះមិនទាន់មានព័ត៌មានតួលេខច្បាស់លាស់ស្តីពីចំនួនអ្នកស្លាប់ រងរបួស និងបាត់ខ្លួនដោយសារតែសមយុទ្ធទាហានជើងអុីរ៉ង់ទឹកបាញ់មីស៊ីលខុសបច្ចេកទេសទៅត្រូវចំនាវាចម្បាំងរបស់អុីរ៉ង់មួយគ្រឿងទៀត។
តាមប្រភពព័ត៌មាន ផ្លូវការរបស់អុីរ៉ង់ FARS នៅថ្ងៃទី១១ខែឧសភាបានដកស្រង់ សេចក្តីប្រកាសរបស់កម្លាំងទាហានជើងទឹកអុីរ៉ង់មកបញ្ជាក់ថា មានទាហានតែម្នាក់ប៉ុណ្ណោះស្លាប់ និង២០នាក់រងរបួស។ប៉ុន្តែមានព័ត៌មានសន្និដ្ឋានជាច្រើនទៀតបានផ្សាយថា មានទាហាន ២០ស្លាប់ និងបាត់ខ្លួន៤០នាក់។ នៅពេលនេះសារព័ត៌មានល្បីៗនៅលើពិភពលោកគឺ Al Jazeera និង National របស់ អារ៉ាប់រួម ក៏បានដកស្រង់ប្រភពព័ត៌មានក្នុងស្រុកដែលបញ្ជាក់ថា មានទាហានដល់ទៅ៤០នាក់ស្លាប់ ដោយការបាញ់ច្រឡំពេលធ្វើសមយុទ្ធ។ ប៉ុន្តែតួលេខទាំងនោះគ្រាន់តែជាការសន្និដ្ឋាន ក្រៅផ្លូវការប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា កន្លងមក ពេលដែលអុីរ៉ង់ វាយប្រហារទៅលើទីតាំងទាហានអាមេរិកនៅក្នុងប្រទេសអុីរ៉ាក់ ដោយមីស៊ីលរាប់សិបដើមនោះ ក្រោយការបាញ់ប្រាហារភ្លាមមានព័ត៌មានជាច្រើនបានផ្សាយថា មានទាហានអាមេរិក រាប់សិបនាក់ស្លាប់។ ចំណែកសារព័ត៌មានអាមេរិក ថា មិនមានទាហានម្នាក់ណាស្លាប់នោះឡើយ។ នៅពេលនេះដែរ សមយុទ្ធដែលអុីរ៉ង់បានធ្វើនោះមានបាញ់មីស៊ីលពិត ដែលអុីរ៉ង់បានទិញពីប្រទេសចិន។
ការបាញ់ខុសបច្ចេកទេសខាងលើកើតឡើង ក្រោយរយៈពេល៤ខែ ដែលកម្លាំងការពារ ដែនអាកាសអុីរ៉ង់ បានបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរ អ៊ុយក្រែនមួយគ្រឿង សម្លាប់មនុស្ស១៧៦នាក់ ។នេះជាលើកទីពីរហើយដែលអុីរ៉ង់បាញ់ច្រឡំទៅលើគោលដៅ ទាំងនោះជាចំណុចខ្សោយ របស់អុីរ៉ង់បើទោះបី ប្រទេសនេះមានកម្លាំងយោធារឹងមាំជាងគេនៅក្នុងតំបន់មជ្ឈិមបូព៌ាក្តី។
សូមបញ្ជាក់ថា មីស៊ីលដែលអុីរ៉ង់ធ្វើសមយុទ្ធជាប្រភទC-802ទិញពីប្រទេសចិន។ ក្រុមជំនាញនឹងបើកការស្រាវជ្រាវពីមូលហេតុដែលបណ្តាលឲ្យមានហេតុការណ៍អាក្រក់ខាងលើកើតឡើង៕ដោយ៖ ធី រីណា