ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីឆក់កាបូបត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)។
មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យទាំង០២នាក់មានឈ្មោះ ៖
១.ឈ្មោះ ឆៃ ប៊ុនឈឿន អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែក ទីលំនៅបច្ចុប្បន្ន ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
២.ឈ្មោះ រី មីន អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១១៧២ ផ្លូវឯកឧត្តម ជា សុផារ៉ា សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌបានឲ្យដឹងថា កាលពីម៉ោង ០២ និង ៣០នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវព្រះមុន្នីវង្សកែងផ្លូវលេខ១១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានជនសង្ស័យទាំង០២នាក់ ព្រមទាំងបក្ខពួកបានជិះម៉ូតូចំនួន០២គ្រឿង ០១គ្រឿងម៉ាកហុងដា Exciter និង០១គ្រឿងទៀតម៉ាក ស៊ុយស៊ុយគីនិច ពណ៌សលាយទឹកក្រូច ស្លាកលេខ ភ្នំពេញ 1HY-7963 ធ្វើសកម្មភាពឆក់កាបូជនជាតិចិនចំនួន០៤នាក់កំពុងដើរតាមផ្លូវ តែពុំបានសម្រេច ក៏ត្រូវបានជនរងគ្រោះស្រែកឆោរឡោឡើងបង្កការភ្ញាក់ផ្អើល
រួចជនស្ស័យក៏ព្យាយាមបើកម៉ូតូរត់គេចខ្លួន ស្របពេលនោះមានកម្លាំងល្បាតសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានឃើញហេតុការណ៍ជួយអន្តរាគមន៍ដេញតាមពីក្រោយរហូតដល់ចំណុច មជ្ឈមណ្ឌលម៉ូឌែន៥ ក្នុងខណ្ឌឫស្សីកែវ ពួកគេបានផ្តួលម៉ូតូចោល ភ្លាមៗនោះសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្តង ចំណែកបក្ខពួកចំនួន០៣នាក់ទៀតកំពុងរត់គេចខ្លួន៕

ជ្រោយ ពេជ្រ


ចែករំលែក៖