ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងប៉ោយប៉ែតធ្វើ​អនាម័យបរិស្ថាន ផ្សព្វផ្សាយដាស់ស្មារតីឲ្យប្រជាពលរដ្ឋចូលរួម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត បាននាំគ្នាចុះសម្អាតអនាម័យបរិស្ថាន និងផ្សព្វផ្សាយដាស់ស្មារតីឲ្យប្រជាពលរដ្ឋចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដែលការងារនេះដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមានការចូលរួមពីកម្លាំងទាំងបី មន្ត្រីបរិស្ថានក្រុង យុវជនគណបក្ស អាជ្ញាធរភូមិ សង្កាត់-ក្រុង និងប្រជាការពារភូមិប្រមាណជា១០០នាក់ ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ នៅតាមដងផ្លូវជាតិលេខ៥ពីចំណុចផ្សារកណ្តាល ដល់ចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
លោកចៅសង្កាត់រងប៉ោយប៉ែតទី១ ជឹម ណារេតមានប្រសាសន៍ថា ការសម្អាតអនាម័យបរិស្ថាន រើសសំរាម លាងផ្លូវថ្នល់ បាញ់ថ្នាំសម្លាប់មេរោគ និងការផ្សព្វផ្សាយតាមរថយន្តប្រចាំថ្ងៃ គឺក្នុងគោលបំណងលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យ តាមរយៈការធ្វើអនាម័យបរិស្ថានរួមគ្នា ផ្សព្វផ្សាយ អប់រំដល់សាធារណជនទូទៅនូវការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃឱ្យមានការគិតគូរអំពីការសម្អាតអនាម័យបរិស្ថាន ដូចជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចោលសំរាមឱ្យចំធុងសំរាមជាដើម។
លោក បញ្ជាក់ថា ការសម្អាតអនាម័យបរិស្ថាន កែលម្អសោភណភាពទីក្រុង ទីប្រជុំជន ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រសហគ្រាស ទីផ្សារ សំដៅបំបាត់ឱ្យខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់​ផ្សេងៗ ដើម្បី​កែ​លម្អ​គុណភាព​បរិស្ថានក្រុងឲ្យមានសោភណភាព មានផាសុកភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ៕នីម វណ្ណា


ចែករំលែក៖