អាល្លឺម៉ង់៖ លីកកំពូលអាល្លឺម៉ង់ Bundesliga អនុញ្ញាតឲ្យកីឡាករប្រើវិធីអបអរពេលស៊ុតបាល់គ្រាប់បាល់ដោយប្រើកែងដៃ ឬជើងប៉ះគ្នាប៉ុណ្ណោះនៅពេលក្របខ័ណ្ឌមួយនេះចាប់ផ្តើមប្រកួតឡើងវិញ។ ការធ្វើបែបនេះជាវិធីបង្កាមួយចំណោមវិធីផ្សេងៗទៀត ដើម្បីកាត់បន្ថយការឆ្លងជំងឺ COVID-19។
តាមការគ្រោងទុកការប្រកួតបញ្ចប់រដូវកាល២០១៩-២០២០ ត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភានេះ បន្ទាប់ពីលោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់អនុញ្ញាតក្រោយកិច្ចប្រជុំជាមួយអភិបាលរដ្ឋនានាកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។
សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ (DFL) បានអះអាងថា ការចាប់ដៃគ្នា ឬឱបគ្នាដើម្បីអបអរសាទរជ័យជម្នះ ឬស៊ុតបាល់បញ្ចូលទី និងស្តោះទឹកមាត់នៅលើទីលានអំឡុងពេលប្រកួតសុទ្ធតែត្រូវបានហាមឃាត់ នៅពេលលីកត្រឡប់ចូលប្រកួតវិញ ក្រោយការផ្អាកជិត២ខែ ដោយសារជំងឺកូវីដ១៩។ពេលដើរចូលទីលានប្រកួតគឺគ្មានក្មេងៗដែលត្រូវចាប់ដៃកីឡាករដើរចូលទេ ហើយការចាប់ដៃគ្នា និងថតរូបជាក្រុម ក៏ត្រូវលុបចេញដែរ។ ចំណែកគ្រូបង្វឹក អ្នកចាត់ការ កីឡាករដែលអង្គុយនៅកៅអីបម្រុងតម្រូវឲ្យពាក់ម៉ាស់ និងមានគម្លាតឆ្ងាយពីគ្នា ។
សហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ (DFL) បានបន្ថែមថា នៅពេលគ្រូបង្វឹកចង់ស្រែកប្រាប់ទៅកាន់កូនក្រុម ឬជំនួយការគឺអាចដកម៉ាស់ចេញពីមាត់បាន តែត្រូវរក្សាគម្លាតឲ្យបានយ៉ាងតិច១ម៉ែត្រកន្លះពីអ្នកដទៃ។ នៅពេលមានការស៊ុតបញ្ចូលទី កីឡាករទាំងអស់ត្រូវអនុញ្ញាតត្រឹមយកកែងដៃ ឬចុងជើងប៉ះគ្នាប៉ុណ្ណោះសម្រាប់ការអបអរគ្រាប់បាល់របស់ពួកគេ។ពេលវេលាដែលស្ថិតក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នឹងត្រូវកំណត់ត្រឹមយ៉ាងយូរ ៣០ ទៅ ៤០នាទីសម្រាប់កីឡាករ និងបុគ្គលិកដែលពាក់ព័ន្ធ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះអាល្លឺម៉ង់មានករណីឆ្លងថ្មីនៃជំងឺកូរ៉ូណា ឬ COVID-19 ជាង១៧ម៉ឺនករណី ដោយក្នុងនោះស្លាប់ជាង៧៥០០នាក់ និងសះស្បើយជាង១៤ម៉ឺននាក់៕ដោយ៖ភារៈ