ព័ត៌មានទាន់ហេតុការណ៍៖

Update : រកឃើញសពម្នាក់ និងបាត់២នាក់ ករណី ទូកដឹកអ្នកដំណើរ បុកជាមួយទូកអូសយ៉ាំងកាវ នៅកណ្តាលទន្លេ ក្នុងឃុំកោះសំរោង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មន្ត្រីនគរបាលមូលដ្ឋានប្រាប់ថា ក្នុងចំណោមប្រជាពលរដ្ឋ៣នាក់ បានបាត់ខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់ ទូកដឹកអ្នកដំណើរបុកជាមួយទូកអូសយ៉ាំងកាវ នៅកណ្តាលទន្លេមេគង្គ ក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីម៉ោង១០យប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ មកដល់រសៀលថ្ងៃ១១ ឧសភា ២០២០ បានរកឃើញសាកសពម្នាក់ហើយ និងនៅបាត់ខ្លួន២នាក់ទៀត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ៣នាក់ បានបាត់ខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់ ទូកដឹកអ្នកដំណើរបុកជាមួយទូកនេសាទ នៅកណ្តាលទន្លេក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាម៉ោង១០យប់ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។គ្រោះថ្នាក់ រវាងទូកនេសាទបុកជាមួយនឹងទូករបស់ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងមកពីចូលរួមពិធីមង្គលការ នៅឃុំរំចេកត្រើយម្ខាង មានប្រជាពលរដ្ឋជិះក្នុងទូកនោះចំនួន១១នាក់ ក្នុងគោលដៅវិលត្រឡប់មកលំនៅដ្ឋាននៅកំពង់ក្បាលកោះជ័យ ក៏ត្រូវបានជួបគ្រោះថ្នាក់ទូកនេសាទ បើកបុកនៅចំណុចកណ្ដាលទន្លេ រវាងឃុំរំចេក និងឃុំកោះសំរោង បណ្ដាលឱ្យលិចទូករបស់ប្រជាពលរដ្ឋ បណ្ដាលឱ្យមនុស្ស៣នាក់ បានបាត់ខ្លួន និងម្នាក់ទៀតរងរបួស។
មន្ត្រីមូលដ្ឋានអោយអ្នកកាសែត ដឹងថា ជនរងគ្រោះទាំង០៣នាក់ រួមមានទី១៖ ឈ្មោះ រិន ជា ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិទី២ ទី២៖ ឈ្មោះ ធីម ថាន ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិទី២ ទី៣៖ ឈ្មោះ ឡាង ប៉េងហ៊ត់ ភេទប្រុស អាយុ៣៣ឆ្នាំនៅភូមិទី២ ដោយឡែកក្នុងករណីនេះឈ្មោះ អ៊ាង ធី ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិទី២ បានរងរបួសជើងឆ្វេង។

បើតាមលោកមេឃុំកោះសំរោងបានបញ្ជាក់ថា ក្រោយកើតហេតុភាគីខាងទូកនេសាទបានរត់គេចខ្លួនបាត់។ ដោយឡែកចំពោះមនុស្សដែលបានបាត់ខ្លួន៣នាក់ មកដល់ត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ រកឃើញម្នាក់ និងបន្តបាត់ខ្លួន២នាក់ទៀត។
តាមប្រភពពីសមត្ថកិច្ចបាន ប្រាប់ឱ្យដឹងបន្តទៀតថា សពជនរងគ្រោះម្នាក់ដែលបានរកឃើញ ត្រូវបានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រហូតមកដល់រសៀលថ្ងៃទី១១ ឧសភា ទូកដែលលិចបាត់កណ្តាលទន្លេនោះនៅមិនទាន់បានរកឃើញនៅឡើយទេ រួមនឹងជនរងគ្រោះចំនួន២នាក់ទៀត៕ ដោយ៖នរិន្ទ្រ


ចែករំលែក៖