ភ្នំពេញ:សូមបងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការទូទៅត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ។ មុននឹងបងប្អូនចេញដំណើរពីផ្ទះជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ដាក់គន្លឹះឲ្យបានត្រឹមត្រូវ ហើយបើជិះរថយន្តត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានគ្រប់គ្រាន់។ នេះជាការលើកឡើងរបស់លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១៣ ខែឧសភាឆ្នាំ ២០២០។លោកបានបញ្ជាក់ឱ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌឫស្សីកែវបានដាក់គោលដៅដើម្បីរឹតបន្តឹងនិងផាកពិន័យនៅចំណុចផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បីឆ្លើយតបក្នុងការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ។
អធិការនគរបាលខណ្ឌឫស្សីកែវបានបន្តថា ចំពោះការឃាត់ម៉ូតូនិងរថយន្តតាំងពីថ្ងៃទី១ ខែឧសភាមកដល់ថ្ងៃទី១២ ខែឧសភា ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវទាំងថ្ងៃនិងយប់បានយានយន្ត ចំនួន៥៦៧គ្រឿង ដែលភាគច្រើនបទល្មើសម៉ូតូ មិនពាក់មួកសុវត្ថិភាព។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា ចាប់តាំងពីក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិបានដាក់ឲ្យអនុវត្តនិងពង្រឹងច្បាប់ចរាចរណ៍ថ្មី យោងតាមអនុក្រិឹត្យលេខ៣៩នៅទូទាំងប្រទេសមក កម្លាំង យើងបានដាក់តាមគោលដៅក្នុងមូលដ្ឋានជារៀងរាល់ថ្ងៃ ហើយយើងបានធ្វើការផ្សព្វផ្សាយដល់មន្រ្តីទាំងអស់ឲ្យដឹងពីផែនការរបស់ថ្នាក់ដឹកនាំមុននឹងចុះតាមគោលដៅផងដែរ។
លោកហ៊ាង ថារ៉េត បន្ថែមទៀតថា ចំពោះការរឹតបន្តឹងនិងអនុវត្តច្បាប់ចរាចរណ៍ថ្មី ក៏មានការបន្ធូរបន្ថយខ្លះដែរ យោងតាមអនុក្រិឹត្យលេខ៣៩ ដោយម៉ូតូធ្វើការផាកពិន័យតែ ៧ចំណុចនោះទេ រីឯរថយន្តធ្វើការផាកពិន័យចំនួន៩ ចំណុច។ ការក្រើនរំលឹករបស់ក្រសួងមហាផ្ទៃក៏ដូចជាអគ្គស្នងការនគរបាលជាតិ ហាមមិនឲ្យកម្លាំងសមត្ថកិច្ចអនុវត្តលើសផែនការរបស់អនុក្រឹត្យលេខ៣៩នោះឡើយ។
លោកអធិការខណ្ឌឫស្សីកែវបានបន្តថា យើងឃើញស្រាប់ហើយថាប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានផ្សព្វផ្សាយរួចហើយ ដែលមានផេករបស់ក្រសួងមហាផ្ទៃ និងផេករបស់អគ្គស្នងការដ្ឋានគរបាលជាតិ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញជាច្រើនទៀត។ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋខ្លះមិនទាន់បានយល់ដឹងអំពីច្បាប់ចរាចរណ៍ថ្មីនៅឡើយធ្វើឱ្យយើងមានការលំបាកក្នុងការអនុវត្តផងដែរ ដោយពួកគាត់បានធ្វើការតវ៉ាថាការដាក់គោលដៅនីមួយៗរបស់សមត្ថកិច្ចមូលដ្ឋានមិនបានជូនដំណឹងដល់ពួកគាត់ ហើយសូមបងប្អូនកុំយល់ច្រឡំថាយើងដាក់គោលដៅនេះមិនមែនជាប្រចាំនោះទេ។
ការអនុវត្តពីថ្ងៃដំបូងមកទល់នឹងពេលបច្ចុប្បន្ននេះលោកអធិការបានរៀបរាប់ថា នគរបាលខណ្ឌឫស្សីកែវទាំងពីរក្រុមដែលបានចុះអនុវត្តនិងពង្រឹងច្បាប់ចរាចរណ៍ថ្មី ដោយចំណុចទី១ បានទទួលរង្វាន់លើកទឹកចិត្តពីការផាកពិន័យចំនួន៧០%ពីក្រសួងមហាផ្ទៃ ប៉ុន្តែយើងមិនចង់បាន៧០ភាគរយនោះទេគឺយើងចង់ឲ្យប្រជាជនចូលរួមគោរពច្បាប់ទាំងអស់គ្នា ។ ចំណុចទី២ ថ្នាក់លើដែលមានក្រសួងមហាផ្ទៃក៏ដូចជាអគ្គស្នងការនគរបាលជាតិតែងតែក្រើនរំលឹកដល់មន្ត្រីអនុវត្តទាំងអស់ថាត្រូវចេះគោរពនិងមានសីលធម៌ចំពោះប្រជាពលរដ្ឋយើងផងដែរ។
សូមបងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីចូលរួមកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃ។មុននឹងបងប្អូនចេញដំណើរពីផ្ទះជិះម៉ូតូត្រូវមានពាក់មួកសុវត្ថិភាពដាក់គន្លឹះឲ្យត្រឹមត្រូវម៉ូតូត្រូវមានកញ្ចក់។ ម្យ៉ាងទៀតសូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំបើកបរក្នុងពេលដែលពិសាគ្រឿងស្រវឹងដែលរួមមានទាំងការស្រវឹងគ្រឿងញៀនជាដើម៕ជ្រោយពេជ្រ