ខេត្តពោធិ៍សាត់៖ មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថា ក្រុមការងារមន្ត្រីជំនាញរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត-ស្រុក និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទបានច្រើនគួរឲ្យកត់សម្គាល់ នៅគ្រាដែលរដូវបិទនេសាទកាន់តែរំកិលចូលមកកៀក។
ប្រភពរាយការណ៍បន្តថា សកម្មភាពក្រុមការងារចុះអនុវត្តព្រមគ្នា ក្នុងតំបន់ព្រៃរនាម និងលើផ្ទៃទឹកបឹងទន្លេសាប នៃភូមិសាស្រ្តខេត្តពោធិ៍សាត់ ដើម្បីផ្សព្វផ្សាយក្នុងការប្រើប្រាស់ឧបករណ៍ខុសច្បាប់ស្ដីពីជលផល ថែមទាំងបានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់នូវឧបករណ៍មួយចំនួន ការធ្វើជីវកម្មផលនេសាទ រួមទាំងចុះពិនិត្យ និងបង្រ្កាបបទល្មើសជាក់ស្ដែង ។
ប្រភពដដែលលើកឡើងបន្តទៀតថា ចំពោះលទ្ធផលដែលកម្លាំងសមត្ថកិច្ចអនុវត្តទប់ស្កាត់ និងបង្រ្កាបបាន គឺមានឧបករណ៍របាំងសាច់អួន សាច់ស្បៃមុង សម្រាស់មែកឈើធ្វើឲ្យត្រីកុំដើម្បីចាប់ ប្រមូល និងបង្គោលឈើដែលក្រុមជនប្រព្រិឹត្តយកទៅដាក់ និងបោះបង្គោលជ្រំកន្លែងអភិរក្សជលផល ប៉ុន្តែទោះជាយ៉ាងក្ដីយើងមិនទាន់ដឹងថាមានប្រសិទ្ធភាពឬយ៉ាងណានោះទេត្រូវ រង់ចាំអង្កេតមើលទាំងអស់គ្នា នៅគ្រាដែលរដូវបិទនេសាទ និងទឹកទន្លេមេគង្គឡើងមកដល់នាខាងមុខនេះ ៕ ដោយ៖បុឹម ពិន