ខេត្តព្រះសីហនុ៖ យ៉ាងតិច ក៏មានរថយន្ត៤គ្រឿង ម៉ូតូ ៣គ្រឿង ផ្ទះ២ខ្នង រងការខូចខាត ដោយអគ្គិភ័យឆាបឆេះ នៅវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុច ក្រុម១ ភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោក ថៃ គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានអោយដឹងថា ៖ អគ្គីភ័យនេះ ផ្តើមចេញពីផ្ទះឈ្មោះលឹម សេងលី ហៅអឹម ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរលក់ដូរ រស់នៅកន្លែងកើតហេតុខាងលើ និងមូលហេតុនៃការបង្ក ឲ្យមានអគ្គីភ័យឆាបឆេះ មកពីការប្រហែសពីម្ចាស់ផ្ទះ និងខ្វះបច្ចេកទេស ក្នុងការរក្សាទុកប្រេង អោយបានត្រឹមត្រូវ។
លោកបន្តថា៖ អគ្គីភ័យត្រូវបាន ពន្លត់ទប់ទល់ស្ថានភាពបានទាំងស្រុង នៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃខែដដែល។ ចំពោះករណីខាងលើមិនមានបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែរងការខូចខាតអស់ រថយន្តចំនួន ៤គ្រឿងរួមមាន៖
១-រថយន្តអិលអេចអ ដឹកប្រេងចំណុះ ៨០០០លីត្រ ឆេះពីខាងក្រោយ
២-រថយន្តម៉ាកស្តារិចឆេះអស់ទាំងស្រុង
៣-រថយន្តម៉ាកហ្វររ៉ាន់ន័រ ឆេះផ្នែក ខាងក្រោយ
៤-រថយន្តមិនស្គាលម៉ាក និង
ម៉ូតូសរុបចំនួន៣ គ្រឿង (មិនស្គាលម៉ាក) រួមទាំងផ្ទះចំនួន ២ខ្នង ធ្វើពីថ្មប្រក់ប្រូស៊ីម៉ងត៍ និងសំយ៉ាបមុខផ្ទះប្រក់ស័ង្កសី ឆេះទាំងស្រុង ដែលមានទំហំ (១០មគុណ២០ម) នៅមានសំយ៉ាបមុខផ្ទះ(៨មគុណ៦ម) និង(១០មគុណ៦ម)។
លោក ថៃ គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានបញ្ជាក់ថា៖ ការអន្តរាគមន៍ពន្លត់អគ្គីភ័យនេះបានប្រេីប្រាប់រថយន្តពន្លត់អគ្គីភ័យចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់៩ស៊ីទែន និងរថយន្តកូរ៉េដឹកទឹកចំនួន ៣គ្រឿង ។ ក្រៅពីឆេះរថយន្ត ម៉ូតូ ផ្ទះ ក៏បណ្តាលអោយខូចខាតសម្ភារៈ អីវ៉ាន់ចាប់ហួយ ទាំងស្រុង នឹង ប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងម៉ាស៊ីន(អត់ដឹងចំនួនលីត្រពិតប្រាកដ)៕ដោយ៖សិលា