ភ្នំពេញ ៖ បុរសម្នាក់ កំពុងផឹកស៊ីសប្បាយដោយទុកម៉ូតូសណ្ដោងរុឺម៉កជាប់នឹងរបងរោងចក្រស្រាប់តែត្រូវជនសង្ស័យលួចយកទៅបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចជាប់របងរោងចក្រ ខាងកើតផ្សារទួលពង្រ តាមបណ្ដោយផ្លូវបេតុងច្រកចូលទៅបន្ទាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូរុឺម៉កមានឈ្មោះ គឹម សិត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ លក់ខោអាវ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិតាអូរ ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ។ ម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកវីវ៉ា ពណ៌ខ្មៅ មិនចាំស្លាកលេខ ចំណែកឯរុឺម៉កលាប ពណ៌ទឹកប្រាក់។
បើតាមការរៀបរាប់របស់បុរសរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់បានយកម៉ូតូសណ្តោងរុឺម៉ករបស់គាត់ដាក់ជាប់នឹងរបងរោងចក្រហើយទៅជួបជុំគ្នាផឹកស៊ីនៅបន្ទប់ជួលតែក៏ភ្លេចយករុឺម៉កម៉ូតូទៅផ្ញើ នៅផ្សារទួលពង្រ។លុះដល់ម៉ោងកើតហេតុខាងលើក៏ឮសូរសំឡេងបញ្ឆេះម៉ូតូភ្លាមៗនោះគាត់បានចេញមកមើលឃើញចោរជិះចេញទៅ ពេលនោះរូបគាត់ក៏បានទាញម៉ូតូជិះដេញតាមដែរតែបានពាក់កណ្ដាលផ្លូវ ម៉ូតូរបស់គាត់បែកកង់ ធ្វើឲ្យរូបគាត់តាមមិនទាន់ ទើបជនសង្ស័យមានឱកាសជិះម៉ូតូរបស់គាត់គេចទៅបាត់ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែឈរសោកស្ដាយទ្រព្យសម្បត្តិ ប៉ុណ្ណោះ។បន្ទាប់មកគេឃើញសមត្ថកិច្ចមូលដ្ឋានបានមកនាំបុរសរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ៕ ដោយ៖ សុខាសែនជ័យ