ខេត្តពោធិ៍សាត់៖ លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បញ្ជាឲ្យកម្លាំងសមត្តកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ សហការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច ។
ករណីបង្រ្កាបឃាត់ចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធលួចខាងលើ ធ្វើឡើងនៅវេលាម៉ោង៤ និង០២នាទី រសៀលថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលស្រុកក្រគរ ជនសង្ស័យឈ្មោះ សន វិច្ឆិកា ហៅវុិច ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ការឃាត់ចាប់ជនសង្ស័យរូបនេះ បន្ទាប់ទទួលបទបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ខណៈសង្ស័យជាប់ពាក់ព័ន្ធករណីលួច នៅក្រុងពោធិ៍សាត់ ។
របាយការណ៍នគរបាលស្រុកដដែល មិនបានបញ្ជាក់ច្បាស់លាស់អំពីលួចអ្វីនោះទេ គ្រាន់តែដាក់ថាបទលួច ជនសង្ស័យ សន វិច្ឆិកាហៅវុិច បានធ្វើកំណត់ហេតុប្រគល់ទទួល ជូនសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ៕ ដោយ ៖បុឹម ពិន