ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ប៊ុត វណ្ណនី ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិ ពាម ពពេច ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានសម្រេចចិត្តដាក់ពាក្យបណ្តឹងមួយចូលទៅឃុំកោះថ្កូវ ដោយចោទប្រកាន់មនុស្ស៣នាក់ ស្លៀកពាក់ស៊ីវិល មានម្នាក់គេស្គាល់ថាជាមន្រ្តីប៉េអឹមខេត្តកំពង់ឆ្នាំង បានយកកាំភ្លើងបាញ់ទៅកង់ត្រាក់ទ័ររបស់គាត់ដែលកំពុងភ្ជួរដី ហើយទារលុយចំនួន១០០០ដុល្លារ ដោយគាត់ជាម្ចាស់មិនព្រម ក៏កើតជាការផ្ទុះអាវុធនេះ។
ហេតុការណ៍ផ្ទុះអាវុធ នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅឃុំកោះថ្កូវស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
លោក ប៊ុត វណ្ណនី ម្ចាស់ត្រាក់ទ័រ បានប្រាប់«នគរវត្ត» តាមទូរស័ព្ទ នៅថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២០នេះថា ៖ កាលពីវេលាម៉ោងប្រមាណជាង២រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ គឺមានមនុស្ស៣នាក់បានទៅដល់កន្លែងត្រាក់ទ័រ ភ្ជួរដីស្រែ នៅចំណុចភូមិពាមពពិច ភូមិពាមជ្រៃ ហៅស្វាផ្អែម ដែលជនទាំងបីនាក់នោះពាក់មួកសុវត្ថិភាព និង មានអាវុធខ្លីផងដែរ ពេលនោះក្រុមមនុស្សទាំងនោះបានទារលុយពីគាត់ចំនួន១០០០ដុល្លារ ប៉ុន្តែគាត់មិនមាន ពេលនោះម្នាក់ក្នុងចំណោម៣នាក់ បានដកកាំភ្លើងបាញ់ទៅកង់ត្រាក់ទ័រ រួចបានវ៉ៃក្មេងពីរដៃបន្ថែមទៀត ខណៈនោះគាត់ដែលជាឪពុក បានសួរហេតុអីបានវ៉ៃក្មេង តែក្រុមអ្នកទាំងនោះមិនធ្វើការបកស្រាយ គឺគម្រាមទារលុយ ទើបរូបគាត់បានទៅខ្ចីប្រាក់គេបាន ចំនួន៣លានរៀល យកមកអោយ ខ្លាចមានអំពើហិង្សាកើតឡើង។ ក្រោយពីប្រគល់លុយអោយហើយ ម្នាក់ក្នុងចំណោម៣នាក់បានដោះមួកសុវត្ថិភាពចេញ ។ ជនរងគ្រោះឈ្មោះប៊ុត វណ្ណនី ប្រាប់ទៀតថា ក្នុងចំណោមជនស៊ីវិលទាំង៣នាក់ នោះគឺបានស្គាល់ម្នាក់ក្រោយពីដោះមួកសុវត្ថិភាព គាត់ជាមន្រ្តីអាវុធហត្ថខេត្តកំពង់ឆ្នាំង មានឈ្មោះ នៅ សារ៉េន ដែលកន្លងមកក៏ជាអ្នកយាមឡូតិ៍អភិរក្សអោយគេ ផងដែរ។
លោក សូត្រ សុភេត នាយប៉ុស្តិ៍រដ្ឋបាលកោះថ្កូវ បានប្រាប់អង្គភាព «នគរវត្ត» តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២០នេះថា៖ ករណីនេះពិតជាមានការបាញ់ ប៉ុន្តែរឿងលម្អិតយ៉ាងណានោះគឺលោកទាក់ទងទៅខាងលើទៀត ។
ពាក់ព័ន្ធនិងការចោទប្រកាន់ពីជនរងគ្រោះ ទៅលើមន្រ្តីប៉េអឹមដកកាំភ្លើងបាញ់ត្រាក់ទ័រនិងគម្រាមទារប្រាក់១០០០ដុល្លារនេះ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ អង្គភាព«នគរវត្ត» មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅរសៀសថ្ងៃទី១៩ ខែឧសភា នេះ ដោយទូរស័ព្ទចូល គ្មានអ្នកទទួល ។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអោយដឹងតាមទូរស័ព្ទថា៖ «ខ្ញុំកំពុងអោយគេធ្វើរបាយការណ៍រឿងនេះឡើងមក»..រួចក៏បិទទូរស័ព្ទ៕សហការី