ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូពេលយប់ទៅបុកគោយន្តកន្ត្រៃបណ្តាលឲ្យស្លាប់នៅផ្លូវលេខ៥៣

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារជិះម៉ូតូពេលយប់ទៅបុកគោយន្តកន្ត្រៃសណ្តោងរុឺម៉ក ដែលឈប់ចតនៅក្បែរចិញ្ចើមផ្លូវ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលេខ៥៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៦៧ -៦៨ ក្នុងភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះឈ្មោះចាន់ វិន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុអ្នកបើកម៉ូតូរូបនេះក៏បានជ្រុលទៅបុកគោយន្តកន្ត្រៃ សណ្តោងរុឺម៉កដែលម្ចាស់ឈប់ចតនៅក្បែរចិញ្ចើមផ្លូវយ៉ាងពេញមួយទំហឹងតែម្តង ។

ក្រោយពេលកើតហេតុអ្នកបើកបរគោយន្តកន្ត្រៃ ឈ្មោះធ្លក យឿន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវសមត្ថកិច្ចឃាត់ខ្លួន រីឯសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕ ចន្ថា


ចែករំលែក៖