ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនៅឃុំសែបនិងឃុំពានីប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៧គ្រាប់នៅក្នុងស្រែ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៧គ្រាប់ ដែលសល់ពីសម័យសង្រ្គាមត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងស្រែកាលពីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិសាស្រ្តឃុំពានី និង ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឱ្យដឹងថា គ្រាប់យុទ្ធភណ្ឌដែលពលរដ្ឋប្រទះឃើញនេះ ជាប្រភេទគ្រាប់១០៥មិលី្លម៉ែត្រចំនួន១គ្រាប់ គ្រាប់កាំភ្លើងត្បាល់៨១មិលី្លម៉ែត្រចំនួន៣គ្រាប់ គ្រាប់កាំភ្លើងត្បាល់៦០មិលី្លម៉ែត្រចំនួន១គ្រាប់ និងគ្រាប់អឹម-៧៩ ចំនួន២គ្រាប់ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋបានទៅស្រែដែលនៅឆ្ងាយពីផ្ទះ ហើយក៏បានប្រទះឃើញគ្រាប់ទាំងនេះដែលកប់ក្នុងដីស្រែ តែកប់នៅរាក់ដែលលេចចេញមកខាងក្រៅ។  ឃើញដូចនេះប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗដើម្បីសុំកិច្ចអន្តរាគមន៍យកគ្រាប់ទាំងនេះចេញ ។ 

សមត្ថកិច្ចបានឱ្យដឹងបន្ថែមថា ក្រោយពីទទួលបានព័ត៌មាននេះសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅកម្លាំងស៊ីម៉ាក់ដើម្បីមកយកគ្រាប់យុទ្ធភណ្ឌទាំងនេះចេញពីដីស្រែ ។ 

កម្លាំងស៊ីម៉ាក់បានបញ្ជាក់ប្រាប់ថា គ្រាប់យុទ្ធភណ្ឌទាំង៧គ្រាប់នេះគឺជាគ្រាប់ចាស់ដែលសល់ពីជំនាន់សង្គ្រាម តែនៅមានគុណភាពអាចផ្ទុះបាន។ ក្រោយពីពិនិត្យរួចរាល់កម្លាំងស៊ីម៉ាក់បានយកគ្រាប់យុទ្ធភណ្ឌទាំងនេះមកទុកនៅកន្លែងមានសុវត្ថិភាព ។

ជាមួយគ្នានេះសមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋថា ប្រសិនបើប្រជាពលរដ្ឋណាជួបប្រទះដូចករណីខាងលើនេះ ហាមមិនឱ្យប៉ះពាល់ ជាដាច់ខាត និងរួសរាន់រាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ដើម្បីសុំកិច្ចអន្តរាគមន៍ បញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ៕ ចន្ថា


ចែករំលែក៖