ខេត្កំពង់ឆ្នាំង៖ ជនជាប់ចោទ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមានជ័យ ឃាត់ខ្លួនតាមដីកាស្វែងរកចាប់ខ្លួនចំនួន ០២ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ។
តាមរបាយការណ៍នគរបាលស្រុកសាមគ្គីមានជ័យបានឲ្យដឹងថា យោងតាមដីកាលេខ ៤៥/២០២០ របស់លោកសំ ដារ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង បង្គាប់ឲ្យស្វែងរកចាប់ខ្លួន ឈ្មោះ សុខ ប៊ុនថុល ហៅ អុីត ហៅ សុខអ៊ីត ភេទ ប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (គ្រឿងញៀន) និងយោងដីកាលេខ ១៣៣/២០១៨ របស់លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង បង្គាប់ឲ្យស្វែងរកចាប់ខ្លួន ឈ្មោះ ទួន សុផេន ហៅ វ៉ា ភេទប្រុស អាយុ ២០ឆ្នាំសញ្ជាតិ ខ្មែរ ទីលំនៅ ភូមិក្រាំងកន្ទ្រោល ឃុំ ពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (គ្រឿងញៀន)ទើបសមត្ថកិច្ចតាមចាប់ខ្លួនបានទាំង២នាក់ ។
ប្រភពដដែលបានឲ្យដឹងទៀតថាកម្លាំងបានធ្វើការអនុវត្តចាប់ខ្លួនបានសម្រេចទាំងពីរមុខសញ្ញា រួមទាំងវត្ថុតាង ថ្នាំញៀនចំនួន ០៣កញ្ចប់ និងសម្ភារវេចខ្ចប់ឧបករណ៍ជក់មួយចំនួន ។
បច្ចុប្បន្នជនជាប់ចោទទាំង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕ដោយ÷ប្រាថ្នា