ខេត្តប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយ កើតឡើង រវាង រថយន្ត និង ម៉ូតូ កាលពី វេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២០នៅលើផ្លូវជាតិលេខ ៥៩ នៅ ចំណុចផ្លូវបំបែកភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន បណ្តាលឲ្យខូចខាតម៉ូតូ ចំនួន ១គ្រឿងកម្រិតធ្ងន់ និងស្លាប់មនុស្ស ២នាក់យ៉ាងអាណោចអាធ័ម។
មន្រ្តីនគរបាលចរាចរណ៍ស្រុកសាលាក្រៅបានឲ្យដឹងថា ជនរងគ្រោះទាំងពីរមានឈ្មោះ៖
១-ឈ្មោះ បារាំង ភេទប្រុស មុខរបរកសិករ បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ប៉ៃលិន 1C-2420 (ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ) និង២-ឈ្មោះ អ៉ឹម ណែម ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ មន្រ្តីនគរបាលខេត្តប៉ៃលិន ជាអ្នក រួមដំណើរ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ អ្នកទាំងពីរមានទីលំនៅក្នុងភូមិស្រែអន្ទាក់ ឃុំ/ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ភាគីរថយន្តឈ្មោះ PATTANA PAIBUNWONG Mr. KOBCHAI ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិថៃ បើកបររថយន្តម៉ាក ISUZU ពាក់ស្លាកលេខ THAILAND 91-0642 ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយរថយន្តដឹកទំនិញខាងលើយកទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការតាមច្បាប់៕
ដោយ÷ប្រាថ្នា