ខេត្តស្វាយរៀង៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានកម្មវិធីផ្ទះទេវតា បានអញ្ជើញដឹកនាំក្រុមការងា ចុះប្រគល់ផ្ទះទេវតាចំនួន ០៣ខ្នងបន្តទៀតជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ពិធីនេះក៏មានការចូលរួមផងដែរពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងក្រុមការងារ។
ពិធីប្រគល់ផ្ទះទេវតានេះដែរ លោកស្រី ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង។លោកស្រី បានមានប្រសាសន៍ឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ពីសុខភាព ជាពិសេសអនុវត្តការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់ផងដែរ ដើម្បីការពារជំងឺកូវីដ-១៩។
១-ផ្ទះលេខ២៧៦ ប្រគល់ជូនលោកតា សំ សារឿន អាយុ៦៨ឆ្នាំ រស់នៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
២- ផ្ទះលេខ២៧៧ ប្រគល់ជូនលោកយាយ ចាន់ ហ៊ន អាយុ៨៤ឆ្នាំ និងលោកយាយ ចាន់ អ៊ុក អាយិ៧០ឆ្នាំ រស់នៅភូមិគោកតែត ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
៣- ផ្ទះលេខ២៧៨ ប្រគល់ជូនអ្នកមីង មាឃ នី អាយុ៤៥ឆ្នាំ រស់នៅភូមិសេសជ្រុំ ឃុំស្វាយតាយាន ស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។
លោកយាយ លោកតា ដែលទទួលបានអំណោយផ្ទះខាងលើ ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។ នាឱកាសនោះ លោកស្រី ហ៊ុន ម៉ាណា និងក្រុមការងារ ក៏បានចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតានេះដែរ រួមមានផ្តល់ជូន៖សម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់, ជែលលាងដៃ, សាប៊ូលាងដៃ រទេះជនពិការចំនួន០៣ និងថវិកាមួយចំនួន។
ដោយឡែកប្រជាពលរដ្ឋដែលកំពុងជួបជីវភាពខ្វះខាតខ្លាំងចំនួន១គ្រួសារទៀត ឈ្មោះលោកយាយ វីង ធើក រស់នៅភូមិចន្ទ្រា ឃុំចន្ទ្រា ខេត្តស្វាយរៀង ក៏បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ អំណោយរួមមាន៖ អង្ករ១០០គីឡូក្រាម, ត្រីខ១កេស, មី៥កេស, ទឹកដោះគោខាប់១កេស, ពូក ខ្នើយ មុង កន្ទេល, ប្រេងកូឡា ប្រេងខ្យល់, ចានដែក ឆ្នាំងតូច-ធំ, វែកបាយ វែកសម្ល វែកឆា ស្លាបព្រា សម, កំសៀវ ចានបាយ ចានសម្ល, តែ១គីឡូក្រាម, ស្ករស៥គីឡូក្រាម, ទឹកសុីអុីវ៣យួរ, វិទ្យុ១គ្រឿង, សំលៀកបំពាក់, ថ្នាំពេទ្យ និងថវិកាចំនួន ១លានរៀល៕
ដោយ៖សុខ ខេមរា