ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតែជាបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាប់ព្រំដែន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីល្ងាចថ្ងៃទី​ ២១​ ខែ​  ឧសភា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី​ ប្រជាពលរដ្ឋម្នាក់ ឈ្មោះពុធ​ វ៉ាន់​ ភេទប្រុស​​ អាយុ​៥៣ឆ្នាំ​ រស់នៅភូមិអូរ​នាង​ ឃុំតា​តោក​ ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​ បានជួបគ្រោះថ្នាក់ដោយការផ្ទុះគ្រាប់មីនប្រភេទ៦៩បណ្ដាលឲ្យផ្ទុះរងរបួសធ្ងន់ នៅត្រង់ចំណុចអូរត្រជាក់ចិត្ត​ ស្ថិតក្នុងភូមិពាមតា​ ឃុំតាតោក​ ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​  ដែល​ទីនោះមានចម្ងាយប្រមាណ៥គីឡូម៉ែ​ត្រពីប៉ុស្តិ៍ព្រំដែនពាមតាផ្លូវបំបែកនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ស្រុកសំឡូតក្នុង  ខណ:ដែលប្រជាពលរដ្ឋរូបនេះគាត់ធ្វេីដំណេីរទៅប្រកបរបរចិញ្ចឹមជីវិតនៅក្នុងព្រៃចំណុចខាងលេី។  ក្នុងពេលជួបឧប្បត្តិហេតុនេះ​បាន​បណ្តាលឱ្យជេីងខាងស្តាំរបស់គាត់​ទទួលរងរបួសយ៉ាង​ធ្ងន់​ធ្ងរ(ដាច់ជេីងខាងស្តាំ) ។ ដោយសារ​ស្ថាន​ភាពភូមិសាស្រ្តឆ្ងាយ​និងផ្លូវពិបាកធ្វេីដំណេីរ​ចាប់​តាំងពីពេលកេីតហេតុ​ រហូតដល់ម៉ោង៦​និង​២០​នាទីព្រឹកថ្ងៃទី​ ២២​ ខែ​ឧសភា ឆ្នាំ​២០២០ទេីបសមត្ថកិច្ចនគរបាលនៅមូលដ្ឋានរួមជាមួយប្រជាពលរដ្ឋនាំគ្នាយករូបគាត់មកដល់ទីតាំងដែលមានមធ្យោបាយដឹកនាំគាត់ទៅកាន់មន្ទីរពេទ្យនៅមូលដ្ឋាននោះ។ 

សូមជម្រាបជូនថា​ ក្នុងមូលដ្ឋានស្រុកសំឡូត​ ក៏​ដូចជាមូលដ្ឋានស្រុកមួយចំនួនទៀតដែលជាអតីត​សមរ​ភូមិ​ប្រយុទ្ធពីអតីតកាលនៅតែមាន​យុទ្ធភណ្ឌមិនទាន់ផ្ទុះស្ថិតនៅរាយប៉ាយក្នុងដីនៅឡេីយ ហេីយបញ្ហានេះនៅតែជាក្តីកង្វល់និងបញ្ហាប្រឈមសម្រាប់​ប្រជាពលរដ្ឋដែលមានមុខរបរ​ ចេញ​ ចូលនៅចំណុចឬទីតាំងទាំងនោះ៕ស សារ៉េត


ចែករំលែក៖