ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាមេរិក៣៩លាននាក់អត់ការងារធ្វើ លោកត្រាំប្រកាសកាន់ទុក្ខ៣ថ្ងៃពេលមានពលរដ្ឋស្លាប់១សែននាក់

ចែករំលែក៖

អាមេរិក៖កូវីដ-១៩ រហូតមកដល់ពេលនេះ បានធ្វើឲ្យប្រជាពលរដ្ឋអាមេរិក រហូតដល់៣៨,៦លាននាក់អត់ការងារធ្វើដោយសារតែការបិទប្រទេស។ បើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងការងារសហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅនេះ មានពលរដ្ឋអាមេរិក២,៤៣លាននាក់ផ្សេងទៀត ក៏អត់ការងារធ្វើដែរ។ រីឯចំនួននេះនៅតែតិចជាងកាលពីសប្ដាហ៍មុន ក៏ប៉ុន្ដែវានៅតែជាតួលេខមួយដ៏ខ្ពស់បំផុត នៅអាមេរិក ។
ចាប់តាំងពីការរាតត្បាតនៃកូវីដ-១៩ រហូតមកដល់ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅលើទឹកដីអាមេរិក មានអ្នកឆ្លងជំងឺដ៏កាចសាហាវនេះ ចំនួន ១. ៦២០ .៩០២នាក់ ស្លាប់ចំនួន ៩៦. ៣៥៤នាក់ និងជាសះស្បើយ ៣៨២. ១៦៩នាក់។ ដោយឡែកទំហំ នៃផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក មិនទាន់មានប្រភពណាមួយបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ក៏បានប្រកាសបង្ហូតទង់ជាតិពាក់កណ្តាល ដងកាន់ទុក្ខដល់ពលរដ្ឋអាមេរិក ដែលស្លាប់ដោយកូវីដ-១៩ ។
សារព័ត៌មាន CNN បានដកស្រង់ការប្រកាសរបស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២១ខែឧសភានៅលើបណ្តាញសង្គមTwitter ថា«ខ្ញុំសូមបញ្ជាឲ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងនៅគ្រប់ស្ថាប័នទីតាំងរដ្ឋទាំងអស់ ក្នុងរយៈពេល៣ថ្ងៃ ជាការកាន់ទុក្ខដល់ជនជាតិអាមេរិកស្លាប់ដោយកូវីដ-១៩»។
ការសម្រេចខាងលើរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយពេល ប្រធានរដ្ឋសភា លោកស្រី Nancy Pelosi និងមេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភា លោក Chuck Schumer បានផ្ញើលិខិតទៅកាន់ប្រធានាធិបតី ស្នើឱ្យលោកចេញបញ្ជាឲ្យបង្ហូតទង់ជាតិពាក់កណ្តាលដងកាន់ទុក្ខដល់ពលរដ្ឋអាមេរិកស្លាប់ ដែលកើនឡើងដល់១សែននាក់ដោយកូវីដ-១៩។
ថ្នាក់ដឹកនាំរដ្ឋសភានិងព្រឹទ្ធសភា អាមេរិក បានស្នើកាន់ទុក្ខដល់ពលរដ្ឋអាមេរិក១សែននាក់ស្លាប់ដោយកូវីដ-១៩៕


ចែករំលែក៖