ខេត្តបាត់ដំបង៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តបានសហការជាមួយកម្លាំងនគរបាលជំនាញស្រុកបាណន់ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនិងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង៩និង១៥នាទី បានចុះទៅឃាត់ខ្លួនបុរសម្នាក់នៅចំណុចភូមិកញ្ជ្រោង ឃុំបាយដំរាំ ស្រុកបាណន់ខេត្តបាត់ដំបង។
លោក ឈឿង គឹមសុងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបនិងកម្លាំងនគរបាលស្រុកបាណន់ ចុះធ្វើការឃាត់ខ្លួនជនជាប់ចោទ ០១នាក់ ឈ្មោះ មិត្ត យក់លៀម ហៅ ហ្វី ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិកញ្ជ្រោង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៣៨៤ត.ព្រ/២០របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង អ៉ី សុវណ្ណ ។
សមត្ថកិច្ចនគរបាលជំនាញស្រុកបាណន់បានឱ្យដឹងទៀតថា ការចាប់ខ្លួនជនជាប់ចោទនេះគឺជាប់ពាក់ព័ន្ធពីបទហិង្សាដោយចេតនាដែលប្រព្រឹត្តនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នការិយាល័យជំនាញបានធ្វើការនាំខ្លួនជនជាប់ចោទទៅកាន់សាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី។
ដោយ៖ស សា រ៉េត