ភ្នំពេញ៖ នៅថ្ងៃចន្ទ ៤កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ នេះ លោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងប្រគល់ថវិកា $1,000,000 (មួយលានដុល្លារអាមេរិក) ជាលើកទី ៣ (ជាថវិកាទទួលបានពីសប្បុរសជនក្នុងទិវា ៨ ឧសភា) ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានគណៈប្រតិភូដឹកនាំដោយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងពេលនោះដែរ។
ក្នុងឱកាសជួបសវនាការនោះ លោកស្រីអនុប្រធាន បានសម្តែងនូវក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ។ ជាមួយគ្នានោះ លោកជំទាវ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលខិតខំប្រឹងប្រែងកៀរគររកមូលនិធិដេីម្បីទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ជាពិសេស ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ និងកុមារកម្ពុជារាប់ពាន់ រាប់ម៉ឺននាក់នៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ លោកស្រី បានជម្រាបជូនគណៈប្រតិភូអំពីប្រតិបត្តិការមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជាពិសេសក្នុងការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជួយសម្រាលការលំបាកផ្នែកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងការចុះអប់រំផ្សព្វផ្សាយជាប្រចាំស្តីពីវិធានការនានាជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល។
ជាកិច្ចឆ្លើយតប លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបន្តចូលរួមចំណែកជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការជំរុញលើកទឹកចិត្តដល់បុគ្គលិកទាំងអស់បន្តនូវការបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានគាំទ្រកាន់តែច្រើនពីសំណាក់សប្បុរសជនជាតិ និងអន្តរជាតិ ជាពិសេស ធានាបាននូវនិរន្តរភាពរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តទ្រទ្រង់ដល់សុខុមាលភាពរបស់ស្ត្រី និងកុមារកម្ពុជា។
សូមបញ្ជាក់ថា នេះជាលើកទី ៣ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១លានដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយដែលត្រូវជាឆ្នាំទី ៩ (៩លើក) សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា គិតពីឆ្នាំ ២០១២ បន្តបន្ទាប់មក៕
ដោយ៖សិលា