ការប្រកួតដោយបិទទ្វារ រវាងក្រុម Real Betis នឹងក្រុម Sevilla អាចចាប់ផ្តើមរដូវកាលលីកកំពូលអេស្ប៉ាញ La Liga គ្រោងធ្វើឡើងវិញនៅថ្ងៃទី១១ ខែមិថុនា ខាងមុខ ក្រោយពីខកខានដោយសារវិបត្តិកូវីដ១៩។
ប្រធាន La Liga លោក Javier Tebas បានប្រាប់ទូរទស្សន៍អេស្ប៉ាញថា លោកសង្ឃឹមថាការប្រកួតនេះអាចជាការប្រកួតដោយបិទទ្វារ និងមានពិធីរំលឹកដល់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ផងដែរ ។
លោក Tebas បាននិយាយថា “អ្នកលេងគឺជាគំរូដល់សង្គម ហើយគួរតែប្រុងប្រយ័ត្ននឹងសកម្មភាពរបស់ពួកគេ។ ខ្ញុំសូមអំពាវនាវដល់កីឡាករបាល់ទាត់ទាំងអស់កុំធ្វើដូចនេះ។ យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ពីព្រោះប្រជាជនជាច្រើនកំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយសារកូវីដ១៩” ។
ទោះយ៉ាងណា La Liga បានព្រមានដល់កីឡាករបាល់ទាត់ទាំងអស់ត្រូវប្រុងប្រយ័ត្ននឹងសកម្មភាពរបស់ពួកគេផងដែរ បន្ទាប់ពីកីឡាករក្រុមSevilla ចំនួន៤ នាក់បានសុំទោសចំពោះការបំពានច្បាប់ស្តីពីការជួបជុំដោយគ្មានការអនុញ្ញាត ។ កីឡាករទាំងនោះរួមមាន Ever Banega, Lucas Ocampos, Franco Vazquez និង Luuk de Jong ត្រូវបានគេថតរូបនៅក្នុងពិធីជប់លៀងមួយកាលពីចុងសប្តាហ៍កន្លងទៅ ។
ប្រទេសអេស្បាញបានបន្ធូរបន្ថយច្បាប់នៃការជួបជុំតឹងរ៉ឹង ប៉ុន្តែការប្រមូលផ្តុំមនុស្សជាង១០នាក់នៅតែមិនត្រូវបានអនុញ្ញាតនោះទេ។
កាលពីថ្ងៃសៅរ៍នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានផ្តល់ការអនុញ្ញាតឱ្យបើកមានការប្រកួតលីកកំពូលក្នុងប្រទេសឡើងវិញនៅថ្ងៃទី៨ ខែមិថុនាខាងមុខ។ ចំណែកកីឡាករនៅលីកកំពូល និងលីកទី២របស់អេស្ប៉ាញបានវិលត្រឡប់មកហ្វឹកហាត់ជាលក្ខណៈបុគ្គលកាលពីដើមខែឧសភាបន្ទាប់ពីបានធ្វើតេស្តរកមេរោគរួចរាល់ ។
គួររំលឹកថា បាល់ទាត់នៅប្រទេសអេស្ប៉ាញត្រូវបានផ្អាក
កាលពីថ្ងៃទី១២ ខែមីនាដោយសារការឆ្លងរាលដាលនៃជំងឺឆ្លងវីរុសកូវីដ១៩។ ក្រុមជើងឯក Barcelona កំពុងឈរកំពូលតារាង La Liga ដោយលើស២ពិន្ទុលើគូប្រជែងជិតបំផុតរបស់ Real Madrid ដែលការប្រកួតនៅសល់១១ប្រកួតទៀតនឹងចប់រដូវកាល ៕ដោយ៖ភារៈ