លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិក (IOC) បានយល់ស្របថា ឆ្នាំ២០២១ គឺជាជម្រើសចុងក្រោយ សម្រាប់ការរៀបចំព្រឹត្តិការណ៍ អូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបានពន្យារពេល។ លោកអះអាងថា ការពន្យារពេលមិនអាចបន្តជារៀងរហូត ។
ប្រធាន IOC រូបនេះបានបន្តថា លោកគាំទ្រគោលជំហរ របស់ប្រទេសជប៉ុនថា ព្រឹត្តិការណ៍កីឡានឹងត្រូវលុបចោល ប្រសិនបើមេរោគកូរ៉ូណា រាតត្បាតមិនអាចគ្រប់គ្រងបាននៅឆ្នាំក្រោយ។ នៅក្នុងខែមីនាព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ២០២០ ត្រូវបានពន្យារពេល ដល់ថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១ ដោយសារវីរុសកូវីដ១៩សម្លាប់មនុស្ស រាប់រយរាប់ពាន់នាក់ នៅជុំវិញពិភពលោក ។
លោក Bach បានប្រាប់ BBC ថា “និយាយដោយត្រង់ទៅ ខ្ញុំមានការយល់ដឹងខ្លះៗ ពីជំហររបស់ប្រទេសជប៉ុន ពីព្រោះអ្នកមិនអាចជួល បុគ្គលិកចំនួន ៣.០០០ នាក់ឬ ៥.០០០ នាក់ជាសមាជិក គណៈកម្មាធិការរៀបចំបានឡើយ។ អ្នកមិនអាចផ្លាស់ប្តូរ កាលវិភាគកីឡាទាំងមូល នៅទូទាំងពិភពលោក សម្រាប់សហព័ន្ធសំខាន់ៗ ទាំងអស់នោះទេ ។ អ្នកមិនអាចមាន អត្តពលិកស្ថិតក្នុងភាពស្រពេចស្រពិល នោះទេអ្នកមិនអាចជាន់គ្នា ច្រើនជាមួយនឹងព្រឹត្តិការណ៍ កីឡាអូឡាំពិក នាពេលអនាគតនោះទេ” ៕
ដោយ៖ភារៈ