ទីក្រុងហុងកុង៖ ប្រជាជនហុងកុង ដែលមិនពេញចិត្តនឹងសំណើច្បាប់ភ្លេងជាតិថ្មីនេះ បានអំពាវនាវឲ្យប្រជាជនហុងកុង ចេញមកបាតុកម្មជាថ្មីនិងក្នុងទ្រង់ទ្រាយធំ នៅពេលសភាហុងកុងបើកកិច្ចពិភាក្សាលើសំណើច្បាប់ភ្លេងជាតិជាលើកទី២។ កិច្ចប្រជុំសភាហុងកុង ស្តីពីសំណើច្បាប់ភ្លេងជាតិជាលើកទី២ប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែឧសភានេះ ។
ទាក់ទិននឹងកិច្ចប្រជុំនេះ រដ្ឋបាលហុងកុង បានពង្រាយសមត្ថកិច្ចជាច្រើននាក់ ដើម្បីមើលការខុសត្រូវ និងគ្រប់គ្រងក្រុមបាតុករ និងជៀសវាងការបង្កបញ្ហាណាមួយ។ ក្រៅពីកម្លាំងសមត្ថកិច្ច រដ្ឋបាលហុងកុង បានដាក់របាំង១,៨៣ម៉ែត្រនៅតាមបរិវេណសភាហុងកុង ក្នុងគោលបំណងការពារក្រុមបាតុករហុងកុងពីការបង្កហេតុណាមួយ ។
សម្រាប់សំណើច្បាប់ភ្លេងជាតិ និងច្បាប់ស្តីពីសន្តិសុខជាតិហុងកុងនេះ ត្រូវបានប្រជាជនហុងកុងជាច្រើន មើលឃើញថា គឺជាការចាប់ផ្តើមលុកដៃចូលមកក្នុងកិច្ចផ្ទៃក្នុងរបស់ហុងកុង និងជាការបំបិទសិទ្ធិសេរីភាពរបស់ប្រជាជននៅលើទឹកដីដែនកោះ និងជាការបំផ្លាយគោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ» ពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង ។
សូមជម្រាបថា បន្ទាប់ពីសំណើច្បាប់បត្យាប័ន សំណើច្បាប់ភ្លេងជាតិចិន បានក្លាយជាបញ្ហាចម្រូងចម្រាស់ជាថ្មីនៅលើដែនកោះស្វយ័តហុងកុង។ បាតុករបានចេញមកបាតុកម្មជាថ្មី ដោយសារសំណើច្បាប់មួយនេះ បូករួមទាំងសំណើច្បាប់សន្តិជាតិហុងកុង ដែលបានដាក់ចូលទៅក្នុងកិច្ចប្រជុំសភាប្រជាជនចិន ក្នុងពេលថ្មីៗនេះ។ ប្រសិនបើសំណើច្បាប់ភ្លេងជាតិ ចូលជាធរមានមែននោះ អ្នកល្មើសច្បាប់ នឹងត្រូវពិន័យជាប្រាក់ និងឈានទៅដល់ការដាក់ពន្ធនាគារថែមទៀត ។
នាពាក់កណ្តាលឆ្នាំ២០១៩ ប្រជាជនហុងកុងជាច្រើននាក់ បានចេញមកបាតុកម្ម ដោយសារសំណើច្បាប់បត្យាប័ន និងបញ្ហាផ្សេងទៀត។បាតុកម្មដែលមានរយៈពេលប្រមាណជា ៧ខែមកនេះ បានស្ងប់ស្ងាត់ទៅវិញដោយសារការផ្ទុះឡើងនៃ COVID-19។ សំណើច្បាប់ភ្លេងជាតិចិន បូករួមទាំងច្បាប់ស្តីពីសន្តិសុខជាតិ បានក្លាយជាប្រធានបទក្តៅគគុកថ្មី ដែលក្រុមបាតុករចេញមកធ្វើបាតុកម្ម បើទោះបីជាមានការគំរាមកំហែងពីសំណាក់COVID-19 ក៏ដោយ។
បើតាមការបញ្ជាក់របស់ប្រជាជនហុងកុងម្នាក់ ដែលបានចូលរួមបាតុកម្មនៅក្នុងថ្ងៃពិភាក្សាសំណើច្បាប់ភ្លេងជាតិចិនលើកទី២ ៖« បើទោះបីជាអ្នកមានភាពភ័យខ្លាចនៅក្នុងចិត្តក៏ដោយ អ្នកត្រូវតែនិយាយវាចេញមក»។ជាមួយគ្នានេះ យុវជនវ័យ២៩ឆ្នាំរូបនេះ បានបន្តថា រាល់ការទាក់ទងប្រជាជនផ្សេងទៀត គឺត្រូវប្រើប្រាស់ VPN ដើម្បីការពារពីការបញ្ឈប់សកម្មភាពលើបណ្តាញអ៊ីនធឺណិត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើសិនបើសំណើច្បាប់ភ្លេងជាតិចិនចូលជាធរមាន ប្រជាជនក្នុងទីក្រុងហុងកុងទាំងអស់ ត្រូវតែគោរពតាម។ បើមិនដូច្នោះទេ នឹងទៅរងពិន័យជាប្រាក់រហូតដល់ជាង ៦ពាន់ដុល្លារ ឬអាចជាប់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬអាចពិន័យជាប្រាក់ និងដាក់ពន្ធនាគារជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះ គ្រប់បឋមសិក្សា និងអនុវិទ្យាល័យ ត្រូវតែបង្រៀនសិស្សឲ្យចេះច្រៀងភ្លេងជាតិចិន។ ចំណែកបុគ្គល និងអង្គការផ្សេងទៀត ត្រូវតែគោរពនិងប្រតិបត្តិភ្លេងជាតិនេះឲ្យបានត្រឹមត្រូវក្នុងឱកាសឬពិធីណាមួយ។
គួរបញ្ជាក់ថា សភាហុងកុង អាចនឹងអនុម័តច្បាប់ភ្លេងជាតិចិននេះ មុនដំណាច់នីតិកាលរបស់ខ្លួន ក្នុងខែកក្កដា ខាងមុខ។ យ៉ាងណាក៏ដោយ វាមិនទាន់ប្រាកដទេ ថាតើសំណើច្បាប់ភ្លេងជាតិ ត្រូវអនុម័តនៅពេលណាចំណែកប្រជាជនហុងកុងវិញ អាចបន្តធ្វើបាតុកម្មទៀត ឬកាន់តែធំជាងមុនប្រសិនបើសំណើមួយនេះនៅតែបន្តពិភាក្សា ឬចូលជាធរមាន។ ក្នុងន័យនេះក្រុមបាតុករហុងកុងមិនចង់ឲ្យមានច្បាប់ស្តីពីភ្លេងជាតិចិនឡើយ៕
ដោយ៖សតារា