ខេត្តស្ទឹងត្រែង៖ លោកអភិបាលនៃគណ:អភិបាលខេត្ត បានដឹកនាំមន្ត្រីមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទនិងរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ រដ្ឋបាលស្រុកសៀមប៉ាង និងពលរដ្ឋទាំងពីរស្រុកជាប់គ្នាចុះដាំគ្រាប់ពូជ
ត្នោត នៅតាមដងផ្លូវបំបែកពីទីរួមស្រុកសៀមប៉ាង ចំណុចអូរគួក តាមខ្សែបន្ទាត់ផ្លូវព្រំដែនកម្ពុជា-ឡាវ ចំនួន១០ម៉ឺនគ្រាប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។
លោក ផាន់ យុត អភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាងបានមានប្រសាសន៍ស្វាគមន៍ដល់វត្តមានគណៈប្រតិភូ លោកអភិបាលខេត្ត លោក ស្នងការរង មេបញ្ជាការ មេបញ្ជាការរង ជាកងកម្លាំងទ័ពស្រួចខ្សែបន្ទាត់ព្រំដែន លោក លោកស្រីជាថ្នាក់ដឹកនាំតាមបណ្ដាមន្ទីរ អនុប្រធានមន្ទីរ និងមន្ត្រីរាជការទាំងអស់ដោយភាពកក់ក្តៅបំផុត។
ក្នុងនោះដែរលោកមានក្ដីសប្បាយរីករាយដែលរដ្ឋបាលខេត្តដឹកនាំដោយ លោក អភិបាលខេត្តបាននាំយកគ្រាប់ពូជត្នោតមកដាំនៅមូលដ្ឋានស្រុកសៀមប៉ាង ហើយលោកក៏បានដឹកនាំមន្ត្រីរាជការក្នុងរដ្ឋបាលសាលាស្រុកទាំងអស់ចូលរួមយ៉ាងក្ដីរីករាយ។
ក្នុងនោះផងដែរលោក អ៊ុក ធាវីប្រធានមន្ទីរព័ត៌មានខេត្ត បានមានប្រសាសន៍ថា លោកក៏បានដឹកនាំមន្ត្រីរាជការក្នុងមន្ទីរព័ត៌មានទាំងអស់មកចូលរួមក្នុងកម្មវិធីនេះដែរ ហើយនេះជាលើកទី៣ហើយដែលលោកអភិបាលខេត្តបាននាំគ្រាប់ពូជត្នោតមកដាំនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវយើងនេះ។
លើកទី១.ដាំនៅចំណុចបង្គោលព្រំដែនលេខ៧១ ដល់ចំណុចបង្គោលព្រំដែនលេខ៧៥ ដាំបានចំនួន៣ម៉ឺនគ្រាប់, លើកទី២ពីចំណុចបង្គោលព្រំដែនលេខ៧៥ ដល់លេខ៧៨ដាំបានចំនួន៥ម៉ឺនគ្រាប់ និងលើកទី៣នេះមានចំនួន១០ម៉ឺនគ្រាប់ ដាំពីចំណុចអូរឫស្សីផ្លូវបំបែកពីទីរួមស្រុកសៀមប៉ាង ទៅព្រំដែនចំណុចពូគួកបង្គោលព្រំដែនលេខ៧៨។
លោកបានបញ្ជាក់ថា ដើមត្នោតជាកេរមរតកដូនតានៃវប្បធម៌ជាតិយើងនៅពេលដែលគ្រាប់ពូជនេះដុះលូតលាស់ចេញរាងជាដើម វាធំឡើងអាចផ្ដល់អត្ថប្រយោជន៍ដល់វិស័យទេសចរណ៍នៅតាមព្រំដែននិងអាចកែប្រែកំណើនសេដ្ឋកិច្ចស្រុកខេត្ត អាចកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់យើងនេះបាន។
លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ក្នុងឱកាសនោះថា តំបន់
អូរគួកនេះ គឺជាតំបន់ដែលរងគ្រោះដោយសង្គ្រាម ជាតំបន់ឆ្លងកាត់របស់ខ្មែរក្រហមហើយគ្មានប្រជាជនណាអាចមករស់នៅរកស៊ីនៅទីនេះបានទេ។ ប៉ុន្តែដោយសារគុណបំណាច់នៃរាជរដ្ឋាភិបាលកម្ពុជាយើង ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លោកបានចរចាទ្វេភាគីជាមួយក្រុមផ្តាច់ខ្លួនរបស់ខ្មែរក្រហមឱ្យចូលមករួមគ្នាដើម្បីកសាងប្រទេសជាតិ ឲ្យមានសុខសន្តិភាពពេញលេញបាន ដូច្នេះហើយទើបយើងមានឱកាសមកអភិវឌ្ឍន៍តំបន់នេះឲ្យមានផ្លូវមានស្ពានឆ្លងទន្លេពីរកន្លែងយ៉ាងស្រស់ស្អាត ។
លោកអភិបាលខេត្តបានបន្តថា នៅពេលមានអ្វីៗអស់នេះហើយ គឺកើតចេញពីមានសន្តិភាព យើងត្រូវកែច្នៃសោភណភាពនៅទីនេះឲ្យមានសម្រស់ស្រស់បំព្រង ទើបយើងយកគ្រាប់ពូជត្នោតនេះមកដាំតាមបណ្តោយសងខាងផ្លូវទាំងនេះ ពេលវាធំឡើងអាចទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តនៅទីនេះផងដែរ។ នេះជាមោទនភាពខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានរួបរួមគ្នាកសាង ការពារ និងអភិវឌ្ឍន៍នៅក្នុងតំបន់នេះ។
លោកអភិបាលខេត្តក៏បានបញ្ជាក់ផងដែរថា អង្គភាពកងកម្លាំងប្រដាប់អាវុធ បណ្ដាមន្ទីរ និង ស្រុកចូលរួមត្រូវទទួលដាំគ្រាប់ពូជត្នោត នឹងថែទាំតាមចំនួននិងទីតាំង ដែលខ្លួនបានដាំដើម្បីឲ្យមានការលូតលាស់ល្អ កំណត់ដោយរដ្ឋបាលសាលាខេត្តស្ទឹងត្រែង ជាអ្នកតាមដាននិងជំរុញក្រើនរំលឹក៕
ដោយ៖មាស សុផាត