មន្ទីរបញ្ចកោណអាមេរិក បានស្នើដល់កម្លាំងទាហានត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាក្រក់បំផុត ដែលអាចកើតឡើង ខណៈបាតុកម្មបានកើតឡើងនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក ក្រោយជនជាតិស្បែកខ្មៅត្រូវប៉ូលិសស្បែកសអាមេរិកសង្កត់ករហូតដល់ស្លាប់។
កម្លាំងទាហានឈរជើងនៅទីតាំង Fort Bragg ភាគខាងជើង Carolina និងទីតាំង Fort Drum នៅញូវយ៉ក បានត្រៀមលក្ខណៈរួចរាល់សម្រាប់ទប់ស្កាត់ហេតុការណ៍អាក្រក់កើតឡើង។សកម្មភាពខាងលើកើតឡើង ក្រោយបាតុកម្មបានផ្ទុះឡើងនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក ពាក់ព័ន្ធនឹងប៉ូលិសស្បែកស អាមេរិកសង្កត់កជនជាតិស្បែកខ្មៅរហូតដល់ស្លាប់នៅទីក្រុង Minneapolis។ នៅពេលនេះបាតុកម្មបានរាលដាលដល់ទីក្រុងញូវយ៉កហើយ។
ប៉ូលិសនៅទីក្រុង ញូវយ៉កក៏បានចាប់ខ្លួនបាតុករជាច្រើន នៅតំបន់Brooklyn កាលពីថ្ងៃទី ២៩ខែឧសភា ហើយកម្លាំងសន្តិសុខក៏បានបិទផ្លូវមួយចំនួនផងដែរ។ ក្រុមបាតុករ មានសកម្មភាពហិង្សា ដោយបានគប់ដបទឹក ទៅលើកម្លាំងសន្តិសុខ។
នៅទីក្រុង Atlanta បាតុកម្មបង្កឲ្យមានភាពចលាចល ដោយបង្កឲ្យមានអគ្គិភ័យកើតឡើងនៅកណ្តាលទីក្រុង ជិតទីស្នាក់ការព័ត៌មានCNN ។ រថយន្តជាច្រើនគ្រឿងត្រូវដុតបំផ្លាញ ក្នុងនោះមាន រថយន្តប៉ូលិសមួយគ្រឿងផងដែរ។ ក្រុមបាតុករបានវាយបំបែកកញ្ចក់អគាររបស់ CNN និងហាងលក់ទំនិញនានាក្នុងតំបន់ ។
នៅតំបន់ Minneapolis ដែលជាកន្លែងចាប់ផ្តើមនៃបាតុកម្ម មន្ត្រីក្នុងតំបន់បានសម្រេចដាក់ទីក្រុងនេះក្នុងគ្រាអាសន្ន ចាប់ពីវេលាម៉ោង ២០ ដល់ម៉ោង៦ព្រឹកឈានចូលថ្ងៃទី៣០ ខែឧសភា ក្រោយពេលក្រុមបាតុករ ដុតបំផ្លាញស្នាក់ការប៉ូលិសក្នុងតំបន់។
លោក Paul Selman យុវជនស្បែកខ្មៅម្នាក់បានឲ្យដឹងថា«យើងត្រូវការសន្តិភាព ។ ឪពុកម្តាយ តាយាយរបស់យើងពិតជាហត់នឿយខ្លាំងណាស់ ដែលត្រូវឃើញកូនចៅស្លាប់គ្រប់ពេលវេលា ។ ដូច្នេះ យើងចាំបាច់ត្រូវតែ ស្វែងរកអនាគតល្អជាងនេះ»។
ក្រៅពីនេះនៅរដ្ឋជាច្រើនទូទាំងអាមេរិក ក៏មានបាតុកម្មកើតឡើងដូចគ្នា ដោយក្រុមបាតុករបានស្រែកថា «គ្មានយុត្តិធម៌ គឺគ្មានសន្តិភាពនោះឡើយ »។ បាតុករខ្លះក៏បានលើកបដាឲ្យបញ្ឈប់ការរើសអើងទៅលើក្រុមជនជាតិស្បែកខ្មៅ។
នៅទីក្រុងវ៉ាស៊ីនតោន ជិតសេតវិមានអាមេរិក ក៏មានបាតុកម្មកើតឡើងផងដែរ បង្ខំឲ្យកម្លាំងសន្តិសុខត្រូវបិទផ្លូវចូលទៅកាន់សេតវិមាន។ កម្លាំងសន្តិសុខ ក៏បានដាក់រនាំងការពារខ្លាចក្រុមបាតុករបង្កហិង្សា ៕ដោយ៖ធី រីណា