ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្ត្រាក់​ធ្វើឲ្យលំនៅឋានពលរដ្ឋមួយចំនួននៅខេត្តបន្ទាយមានជ័យរងការខូចខាតនិងមានស្រ្តីម្នាក់ស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ភ្លៀងមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងមកលើក្រុងសិរីសោភ័ណ ដោយបំផ្លាញលំនៅឋានបងប្អូនប្រជាពលរដ្ឋអស់ជាច្រើនខ្នងនិងធ្វើឲ្យស្ត្រីម្នាក់ស្លាប់ដោយសាររន្ទះបាញ់កាលពីរសៀលថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០២០​។

ក្រោយកើតហេតុ អភិបាលក្រុង​សិរីសោភ័ណ​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងជួសជុលលំនៅឋានជូនពួកគាត់វិញដោយប្រើប្រាស់កងកម្លាំងចម្រុះ​ មានកម្លាំងកងរាជអាវុធហត្ថ​ក្រុង​ កម្លាំងនគរបាល​ក្រុង​ ផ្នែកសឹករងក្រុង​ និងមានការចូលរួមពីកងកម្លាំងតំបន់ប្រតិបត្តិការសិឹករងខេត្ត​ផងដែរ។

យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ក្រុងសិរីសោភ័ណមានសង្កាត់ចំនួនពីរបានទទួលរងនូវផលប៉ះពាល់ក្នុងនោះមានសង្កាត់ម្កាក់ និងសង្កាត់ភ្នៀតសរុបចំនួន១១ខ្នងផ្ទះ​។

ក្នុងប្រតិបត្តិការនោះលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណក៏បានប្រគល់សង្ក័សីដែលជាអំណោយរបស់លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីជាភរិយា ប្រគល់ជូនគ្រួសាររងគ្រោះទាំង២សង្កាត់ខាងលើផងដែរ។

លោកបានក្រើនរំលឹក​ឲ្យបងប្អូនពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបាតុភូតធម្មជាតិដែលតែងតែកេីតមាន​ឡើង។ ជាក់ស្តែវនៅរដូវវស្សានេះភ្លៀងបានចាប់ផ្តេីមធ្លាក់ជាបន្តបន្ទាប់​ លាយឡំ​ជាមួយនឹងផ្គរ​ រន្ទះ​ និងខ្យល់កន្រ្តាក់​ ដែលវាធ្វេីឲ្យប៉ះពាល់ដល់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ ហើយវាក៏បានឆក់យកអាយុជីវិតសមាជិកគ្រួសារបងប្អូនផងដែរ តាមរយៈរន្ទះបាញ់ជាដើម។ ដូច្នេះសូមបងប្អូន បង្កើនការប្រុងប្រយត្ន័ឱ្យបានបានខ្ពស់ នៅពេលមេឃរកកលចង់ភ្លៀង​ ឬផ្គរ​ រន្ទះ​ ខ្យល់កន្ត្រាក់​ សូមបងប្អូនរកកន្លែងមានសុវត្ថិភាព​ ជៀសវាងរងគ្រោះជាយថាហេតុ។

គួររំលឹកថា​ ៖​ កាលពីល្ងាចថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០ នោះដែរក្រៅពីក្រុងសិរីសោភ័ណនៅមានស្រុកមួយចំនួនទៀតក៏ទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់នេះដែរក្នុងនោះមានស្រុកព្រះនេត្រព្រះ​ រលំលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៧ខ្នង សាលារៀន១ខ្នង​ ខូចខាតរបើកដំបូល។
នៅរសៀលថ្ងៃទី១ ខែមិថុនាដដែលក្នុងស្រុកថ្មពួកស្ត្រីម្នាក់ឈ្មោះឆា សុភាអាយុ២៣ឆ្នាំរស់នៅភូមិព្រៃល្អ ឃុំគោករមៀត ស្រុកថ្មពួកបានស្លាប់ដោយសាររន្ទះបាញ់ខណ:គាត់ទៅធ្វើស្មៅដំឡូងនៅភ្នំចង្ក្រានយក្ស ។

ដោយឡែកនៅរសៀលថ្ងៃទី៣១ខែឧសភាក្មេងប្រុសម្នាក់អាយុ១៥ឆ្នាំបានស្លាប់​ និងយុវតីម្នាក់​ អាយុ១៨ឆ្នាំ​ ​រងរបួស ដោយសាររន្ទះបាញ់ ខណៈពេលដែលជនរងគ្រោះទាំង២នាក់ ទៅស៊ីឈ្នួលដាំដំឡូងមីឲ្យអ្នកភូមិជាមួយ​ នៅចម្ងាយពីភូមិប្រមាណ២.១០០ម៉ែត្រ ត្រង់ចំណុចត្រពាំងក្រសាំងចម្ងាយពីភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ។
សួមបញ្ជាក់ថា ករណីរន្ទះបាញ់បានធ្វើឲ្យមនុស្ស២នាក់នៅស្រុកផ្សេងគ្នាស្លាប់និងរងរបួសផងដែរ ។វណ្ណា


ចែករំលែក៖