ខេត្តពោធិ៍សាត់៖ ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្តពោធិ៍សាត់ ត្រូវបានពិនិត្យ និងអនុម័តស្ថាបនា ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី១២ ឆ្នាំទី១ អាណត្តិទី៣ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅវេទិកាសាលាខេត្តពោធិ៍សាត់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ និងដើម្បីសម្រួលដល់ការធ្វើដំណើរ របស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះ។
កិច្ចប្រជុំខាងលើ ដឹកនាំដោយលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ដោយបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពនានាជុំវិញខេត្ត។
យោងតាមព័ត៌មាន នៃរដ្ឋបាលខេត្តពោធិ៍សាត់ ស្ពានអាកាសថ្មើរជើង ថ្មីស្រឡាងនេះ នឹងត្រូវសាងសង់ឡើងក្នុងឆាប់ៗខាងមុខ ស្របពេលដែលច្រាំងស្ទឹង និងសួនច្បារ ១៤មករា ត្រូវបាននឹងកំពុងស្ថាបនាជិតរួចរាល់ហើយ។ ស្ពានអាកាសថ្មើរជើងថ្មីនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តពោធិ៍សាត់ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពេលអ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះ។ រដ្ឋបាលខេត្តពោធិ៍សាត់បន្ថែមថា ខេត្តក៏មានគម្រោងកែលម្អសោភ័ណភាពក្រុង ឱ្យមានលក្ខណៈទាក់ទាញ និងស្រស់បំព្រង តាមរយៈការដាក់ភ្លើងបំភ្លឺផ្លូវសំខាន់ៗ តាមទីសាធារណៈក្នុងក្រុងពោធិ៍សាត់ ព្រមទាំងមានគម្រោងបន្ថែម ជុំវិញការដាំដើមឈើ នៅអមសង្ខាងផ្លូវវៀងក្រុងផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដែលធ្វើឡើងរយៈពេលមួយព្រឹកពេញ មានរបៀបវារ:ចំនួន១០សំខាន់ៗ យកមកពិនិត្យ និងពិភាក្សា រួមមាន៖
ទី១៖ពិនិត្យកូរ៉ុម,
ទី២៖ប្រសាសន៍បើក កិច្ចប្រជុំ របស់ក្រុមប្រឹក្សាខេត្ត,
ទី៣៖ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត,
ទី៤៖ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត,
ទី៥៖ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត,
ទី៦៖ពិនិត្យ និងអនុម័តនិមិត្តសញ្ញារបស់ខេត្តពោធិ៍សាត់,
ទី៧៖ ពិនិត្យ និងអនុម័តស្ថាបនាស្ពានថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ៥,
ទី៨៖ ពិភាក្សាការដាំ ដើមឈើនៅផ្លូវវៀងក្រុងពោធិ៍សាត់ ទី៩ ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត ទី១០ បញ្ហាផ្សេងៗ ៕ដោយ៖បុឹម ពិន