ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីសRX300 បុកក្បាលនាគពុះចែកទ្រូងផ្លូវរួញមួយកំណាត់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត Lexus RX300 បើកលឿនជ្រុលរេទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់មួយកង់រថយន្តខូចខ្ទេចមួយកំណាត់មុខទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១ និង ១០ នាទីយប់ថ្ងៃទី ៦ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត Lexus RX300 ពណ៌សពាក់ស្លាកលេខភ្នំពេញ2AN-9896 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខបន្តដំណើរលែងកើត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕  ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖