ភ្នំពេញ៖នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានបញ្ជូនលោកវរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ និង បក្ខពួកម្នាក់ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរបទល្មើសជួញដូរគ្រឿងញៀនជាង២គីឡូក្រាម ។
បើតាមលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ , បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងស្ថិតក្រោមការសាកសួររបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា លោក ឈុន សុមេធា និង បក្ខពួក ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ រួចបន្តឆែកឆេរផ្ទះ នៅចំណុចភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដោយរកឃើញវត្ថុតាងមួយចំនួនទៀត ។
របាយការណ៍ពីសមត្ថកិច្ច ដែលទទួលបាន បង្ហាញថា សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បន្តចុះសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះទៅឆែកឆេរក្នុងលំនៅដ្ឋានរបស់ជនសង្ស័យចំនួន២ទីតាំង ។
ទីតាំងទី១- នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធា នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ ដកហូតវត្ថុតាងបាន អាវុធខ្លីចំនួន២ដើម(ប្រើហ្គាស)និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន១គ្រឿង និងរុក្ខជាតិញៀន(កញ្ឆា)ក្រៀមចំនួន២ស្បោង។
ទីតាំងទី២- នៅបន្ទប់ជួលរបស់ឈ្មោះ កេន ចាន់រី ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតវត្ថុតាងបាន ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូចំនួន២សន្លឹក .
សូមបញ្ជាក់ថា ថ្មីៗនេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅខេត្តតាកែវ ជាញឹកញាប់ ដែលបញ្ហានេះ ប្រជាពលរដ្ឋ បានរិះគន់សមត្ថកិច្ចខេត្តតាកែវ ថា ទំនងមិនសូវបង្ក្រាបបទល្មើសគ្រឿងញៀន ហើយមើលទៅ បានជាសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបជំនួស បែបនេះ ៕ដោយ៖ចេស្ដា