ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច​តេជោ​ ក្រេីនរំលឹកពលរដ្ឋត្រូវទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩​ ខណៈ​ចំនួន​អ្នកឆ្លងលេីលោកកេីន​៧,៤១០,៥១០នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានផ្ញេីសារសួរសុខទុក្ខបងប្អូនជនរួមជាតិតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច។

ថ្ងៃ​ទី១២​ ខែមិថុនា​ ឆ្នាំ​២០២០​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បានសរសេរ​សារ​ក្រេីន​រំលឹក​ ឲ្យ​បងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បើទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានចំនួនតិចតួចក៏ដោយ។ ជំងឺកូវីដ-១៩ គឺនៅតែជំងឺឆ្លងរាតត្បាតដ៏សាហាវបំផុតដែលមកទល់ពេលនេះចំនួនអ្នកឆ្លងរោគលើពិភពលោកបានកើនឡើងគួរអោយបាមរម្ភខ្លាំងណាស់ រីឯថ្នាំព្យាបាលក៏អត់ទាន់មានដែរ។

សម្តេច​តេជោ​បន្តថា​ បងប្អូនប្រជាពលរដ្ឋប្រើម៉ាសពាក់ការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ អាល់កុលឬចឹល។ កុំទៅកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនបើគ្មានការចាំបាច់។ បើដឹងថាខ្លួនឯងសុខភាពល្អហើយ សូមកុំទៅចម្លងរោគពីគេមកចូលផ្ទះ។ មិនត្រូវធ្វេសប្រហែសឬមើលស្រាលលើជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ឡើយ ព្រោះបើឆ្លងហើយ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។

យោង​តាម​អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ២១៦​ប្រទេសគឺមានអ្នកឆ្លងរោគកូវីដ-១៩បានកើនឡើង ៧,៤១០,៥១០នាក់ហើយ រីឯ​ចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ ៤១៨,២៩៤ នាក់ដែរ។

សារ​របស់សម្តេចតេជោបញ្ជាក់ថា​ សូមបងប្អូនប្រជាពលរដ្ឋកុំគិតខ្លី ធ្វេស​ប្រហែស ឬប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ អោយសោះ ទោះបីរស់នៅទីក្រុងឬនៅតាមជនបទស្រុកស្រែចម្ការគឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច។

បើមានការសង្ស័យចំពោះអាការះរោគសញ្ញាកូវីដ-១៩ ទាំងចំពោះខ្លួនយើងផ្ទាល់ ឬចំពោះអ្នកចំណូលថ្មីដែលទើបមកពីក្រៅប្រទេស សូមខលទាក់ទងលេខ 115 ជាបន្ទាន់។ សូមជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំអស់គ្នា៕


ចែករំលែក៖