ខេត្តកំពង់ធំ៖ «តាមរយៈគម្រោងអភិរក្សសត្វខ្សឹបនៅតំបន់ការពារទេសភាពខាងជើងបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំនិងខេត្តសៀមរាបបាននិងកំពុងជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានតាមរយៈការអនុវត្តគម្រោងនិរន្តរភាពស្រូវដែលជាផលិតស្រូវសរីរាង្គលក់ទៅក្រៅប្រទេស និងចំណូលបានមកពីវិស័យទេសចរណ៍ធម្មជាតិ»។ នេះជាថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅអំឡុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យការអនុវត្តគម្រោងអភិរក្សសត្វខ្សឹបសហការដោយក្រសួងបរិស្ថាននិងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅស្រុកស្ទោង ខេត្តកំពង់ធំកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០។ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថាសត្វខ្សឹបជាសត្វកម្រនិងស្ថិតនៅក្នុងប្រភេទសត្វស្លាបដែលគ្រោះថ្នាក់បំផុតជិតផុតពូជពីលើពិភពលោកយើងនេះដែលទាមទារជាចាំបាច់ការចូលរួមការពារនិងអភិរក្សពីគ្រប់ភាគីពាក់ព័ន្ធនានាជាពិសេសពីប្រជាពលរដ្ឋនៅក្នុងតំបន់ដែលជាទីជម្រកសត្វខ្សឹបរស់នៅពងកូន។
លោកនេត្រ ភក្ត្រា បានឱ្យដឹងថា ៖ តាមរយៈទិន្នន័យជំរឿននៅឆ្នាំ២០០៧ ប្រភេទសត្វខ្សឹបដ៏កម្រនេះ មានចំនួនប្រមាណជិត ៤០០ ក្បាលដែលចំនួននេះស្មើនឹង៥៧,១៤ភាគរយនៃចំនួនសត្វខ្សឹបសរុបនៅលើពិភព លោក។ ក្រៅពីប្រទេសកម្ពុជា សត្វខ្សឹបមាននៅប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា។ ប៉ុន្តែលោក រដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានបង្ហាញការព្រួយបារម្ភចំពោះការបន្តធ្លាក់ចុះនៃចំនួនសត្វខ្សឹបដោយយោងតាមទិន្នន័យជំរឿននៅឆ្នាំ ២០១៨ កន្លងទៅ សត្វខ្សឹបដែលកំពុងនៅក្នុងតំបន់វាលស្មៅលិចទឹកបឹងទន្លេសាប នៃតំបន់ការពារ ទេសភាពទំនាបខាងជើងទន្លេសាបនៃប្រទេសកម្ពុជាមានចំនួន ១១៧ ក្បាលដែលមានការធ្លាក់ចុះជាង ២០០ក្បាលក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះលោក រដ្ឋលេខាធិការបានលើកឡើងថា ប្រការដែលគួរឱ្យកត់សម្គាល់គឺចំនួនសត្វខ្សឹបដែលបានសិក្សា និងកត់ត្រាមានស្ថេរភាពនៅក្នុងតំបន់ការពារធម្មជាតិ ដែលមានការអនុវត្តច្បាប់យ៉ាងសកម្ម ហើយវាបាន ធ្លាក់ចុះយ៉ាងគំហុកនៅក្រៅតំបន់ការពារ និងនៅតាមតំបន់ដែលសកម្មភាពអនុវត្តច្បាប់និងការចូលរួមពីសហគមន៍តំបន់ការពារធម្មជាតិនៅមានកម្រិតនៅឡើយ។
តាមការគូសបញ្ជាក់ឱ្យដឹងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន មូលហេតុនៃការថយចុះនៃចំនួនសត្វខ្សឹបមានការថយចុះ ដោយសារតែការបាត់បង់ទីជម្រក ការទន្ទ្រានកាន់កាប់ដីវាលស្មៅធម្មជាតិ ការបំលែងដីវាលស្មៅធម្មជាតិទៅជាវាលស្រែប្រាំង ការបរបាញ់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់ ការប្រើប្រាស់ថ្នាំពុលនិងផលប៉ះពាល់ពីកត្តាផ្សេងៗទៀត។លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថាតំបន់អភិរក្សសត្វខ្សិបមាននៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំនិងខេត្តសៀមរាបទំហំ ៣១ ១៥៩ ហិកតាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាបកាលពីខែឧសភា ឆ្នាំ ២០១៦ ដើម្បីរៀបចំអភិរក្សសត្វខ្សឹបដែលជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក។ លោកបានឱ្យដឹងថា តំបន់ការពារទេសភាពខាងជើងបឹងទន្លេសាបគឺជាទីជម្រកតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងមានវត្តមានសត្វខ្សឹបដ៏កម្ររបស់ពិភពលោកនេះ និងមានប្រភេទសត្វស្លាបផ្សេងទៀតចំនួនជាង ២១៧ ប្រភេទ រួមទាំងប្រភេទជិតផុតពូជមួយចំនួនដូចជាត្រយ៉ងចង្កំកស អង្កត់ខ្មៅ និងក្រៀល។
លោក នេត្រ ភក្ត្រា បានថ្លែងថា នៅក្នុងការការពារអភិរក្សតំបន់សត្វខ្សឹបរស់នៅនេះ កម្លាំងមន្ត្រីឧទ្យានុរក្សចំនួន ៨ នាក់ចុះល្បាតជារៀងរាល់ថ្ងៃដើម្បីការពារតំបន់ពងកូន និងជម្រកសត្វខ្សឹប ព្រមទាំងទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីខុសច្បាប់ដែលប៉ះពាល់ដល់ជម្រកសត្វខ្សឹប។ លោកឱ្យដឹងថា តំបន់ការពារទេសភាពខាងជើងបឹងទន្លេសាបមានសារៈសំខាន់សម្រាប់សត្វខ្សឹបដែលធ្វើការបន្តពូជនៅរដូវប្រាំង និងតំបន់ភាគខាងជើងក្នុងតំបន់ព្រៃរបោះជាកន្លែងសម្រាប់សត្វខ្សឹបស្នាក់នៅក្នុងរដូវវស្សាដែលបច្ចុប្បន្នប្រឈមនឹងការលួចកាប់បំផ្លាញធ្វើអុស និងការទន្ទ្រាន។
នៅក្នុងដំណើរទស្សនកិច្ចចុះពិនិត្យគម្រោងអភិរក្សសត្វខ្សឹបនេះនេះ លោករដ្ឋ លេខាធិការក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះអង្គការ WCS ដែលបានអនុវត្តគម្រោងអភិរក្សសត្វខ្សឹបប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានអនុវត្តនូវយុទ្ធសាស្ត្រផ្សាភ្ជាប់រវាងការជំរុញនិងគាំទ្រលើការបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើតមុខរបរ បង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍តាមរយៈការផលិតស្រូវសរីរាង្គដែលលក់បានតម្លៃខ្ពស់ និងទេសចរណ៍ធម្មជាតិដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាសត្វខ្សឹបដ៏កម្ររបស់ពិភពលោកនេះ។នៅចំពោះមុខប្រជាសហគមន៍នៅស្រុកស្ទោង ខេត្តកំពង់ធំ លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានសហការចូលរួមអភិរក្សសត្វខ្សឹប និងបានអនុវត្តគម្រោងស្រូវនិរន្តរភាពប្រកបដោយភាពជោគជ័យ។ ឯកឧត្តមបានជំរុញបងប្អូនប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ការពារសត្វខ្សឹបដែលជាសត្វកម្ររបស់ពិភពលោកនេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
អង្គការ WCS បានឱ្យដឹងថា ៖ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋចំនួន ៥០០ គ្រួសារបាននិងកំពុងអនុវត្តគម្រោងកម្មវិធីនិរន្តរភាពស្រូវដែលគម្រោងបានទិញស្រូវពីប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ដើម្បីលើកទឹកចិត្តដល់ពលរដ្ឋចូលរួមអភិរក្សសត្វខ្សឹប។ កម្មវិធីនេះមានសារសំខាន់ព្រោះប្រជាពលរដ្ឋទទួលបានពូជស្រូវមានគុណភាពល្អពីគម្រោងដោយមិនគិតការប្រាក់ដូចជាពួកគាត់តរូវគោរពលក្ខខណ្ឌមួយចំនួនដូចជា មិនទន្ទ្រានដីធ្លី មិនប្រើជីគីមី និងមិនបរបាញ់សត្វព្រៃគ្រប់ប្រភេទជាដើម។ ប្រជាសហគមន៍នៃតំបន់ការពារធម្មជាតិបានទទួលថវិកាបន្ថែមពី ភ្ញៀវទេសចរក្នុងទឹកប្រាក់ប្រមាណ ៨លានរៀលក្នុងមួយឆ្នាំសម្រាប់អភិវឌ្ឍភូមិឃុំ។ ចំណែកប្រជាពលរដ្ឋដែលចូលរួមយាមពងសត្វខ្សឹបអាចទទួលបានថវិកា ១៦ម៉ឺនរៀលក្នុងមួយសំបុក៕ដោយ៖សិលា