ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន៣នាក់បានរងរបួស ដោយសារតែគ្រោះថ្នាក់ក្រឡាប់រថយន្ត ខណៈកំពុងធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិ ដែលគេសង្ស័យអាចបណ្ដាលមកពីអ្នកបើកបរងងុយដេក ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនេះ បានកើតឡើងនៅវេលាម៉ោង៤ និង២០នាទី ទៀបភ្លឺឈានចូលថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ-ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចដែលបានឃើញហេតុការណ៍បានប្រាប់ថា មុនដំបូងគេឃើញរថយន្តដឹកទំនិញ ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5382 ធ្វើចរាចរណ៍ក្នុងទិសដៅពីទិសខាងកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុស្រាប់តែរេចង្កូតខុសផ្លូវក្រឡាប់ផ្ងារកង់តែម្ដង ដែលករណីគេសង្ស័យអាចបណ្ដាលមកពីអ្នកបើកបរងងុយដេក ។
ប្រភពព័ត៌មានដដែលបន្តទៀតថា ក្នុងនោះអ្នកបើកបរឈ្មោះ ម៉ម ណាំ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំខ្វិត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រងរបួសធ្ងន់ និងអ្នករួមដំណើរចំនួន២នាក់ផ្សេងទៀតបានរងរបួសផងដែរ។ បច្ចុប្បន្ន រថយន្តនៅកន្លែងកើតហេតុ ចំណែកអ្នករងរបួសត្រូវបានដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ៕
ដោយ៖បុឹម ពិន