ព័ត៌មានទាន់ហេតុការណ៍៖

ចិនមានករណីឆ្លងកូវីដ-១៩ថ្មី​១៧នាក់​ ជើងហោះហើរត្រូវផ្អាក១ខែ

ចែករំលែក៖

ជើងហោះហើររវាងក្វាងចូវ នឹង​ Dhaka ​ប្រទេសបង់ក្លាដែស ត្រូវបានផ្អាករយៈពេល​៤សប្តាហ៍​ក្រោយពីមានករណីឆ្លងកូវីដ​-១៩ រហូតដល់ទៅ​១៧នាក់ ក្នុងជើងហោះហើរកាលពីថ្ងៃទី១១ ខែមិថុនា​។
ព័ត៌មានខាងលើទទួលបានពី​ នាយកដ្ឋានគ្រប់គ្រង​អាកាសចរណ៍ចិន (CAAC) ដែលបានប្រកាសនៅថ្ងៃទី​១៤ ខែមិថុនា ។​នៅពេលនេះជើងហោះហើរ CZ392 របស់ក្រុមហ៊ុនអាកាសចរណ៍​ China Southern Airlines ​ដែលហោះហើរទៅកាន់ប្រទេសបង់ក្លាដែសត្រូវផ្អាក​រយៈពេល​៤សប្តាហ៍។
កន្លងមក (CAAC) បានអនុញ្ញាតឲ្យតភ្ជាប់ជើងហោះហើរអន្តរជាតិឡើងវិញ​ ប៉ុន្តែ​រាល់ការហោះហើរ បើនៅលើយន្តហោះនោះរកឃើញមានអ្នកឆ្លងកូវីដ-១៩ចាប់ពី​៥នាក់ឡើង នឹងត្រូវផ្អាកការហោះហើរ ហើយប្រសិនបើមានអ្នកឆ្លងលើសពី​១០នាក់ឡើងនឹងត្រូវផ្អាករយៈពេល​១ខែ​។
ផ្ទុយទៅវិញ​ប្រសិនបើ​ជើងហោះហើរណា មិនមានអ្នកឆ្លង ក្នុងរយៈពេល​៣សប្តាហ៍ នឹងទទួលបានការអនុញ្ញាតឲ្យបង្កើនការហោះហើរ​ច្រើនជាងមុន។ នៅថ្ងៃទី​១៤ ខែមិថុនា ​គណៈកម្មការសុខាភិបាលចិន បានប្រកាសថា​ បានរកឃើញករណីឆ្លងកូវីដ​-១៩ថ្មីដល់ទៅ​៥៧នាក់ នៅថ្ងៃទី​១៣ ខែមិថុនា៕ដោយ៖ធី រីណា


ចែករំលែក៖