ប្រទេសហ្វុីលីពីន៖ មន្ត្រីហ្វុីលីពីននៅថ្ងៃទី១៤ខែមិថុនា បានប្រកាសថា មានករណីបាញ់ប្រហារទៅលើទីស្នាក់ការប៉ូលិសបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងពីរនាក់ទៀតរងរបួស ។ ខ្មាន់កាំភ្លើងគឺជាក្រុមឧទ្ទាម Abu Sayyaf បាញ់ប្រហារទីស្នាក់ការប៉ូលិសនៅខេត្តSulu ភាគខាងត្បូង ប្រទេសនេះ ។
ក្រុមឧទ្ទាមAbu Sayyaf ត្រូវបានចាត់ទុកថាជាក្រុមដែលធ្វើសកម្មភាពខ្លាំងបំផុតនៅតំបន់ភាគខាងត្បូងហ្វុីលីពីន ។ ក្រុមនេះមានសមាជិកតែប្រមាណ៤០០នាក់ប៉ុណ្ណោះ។ ទីតាំងដែលក្រុមនេះតែងតែធ្វើសកម្មភាពគឺខេត្ត Sulu និង Basilan ដោយធ្វើសកម្មភាពចាប់ជំរិតនិងវាយប្រហារភេរវកម្ម ។
ជនរងគ្រោះដែលត្រូវក្រុមAbu Sayyaf ចាប់ជំរិតភាគច្រើនគឺជាអ្នកទេសចរបរទេស អ្នកជំនួញ …។ កាលពីខែមករា ក្រុមAbu Sayyaf ក៏បានបើកការវាយប្រហារទៅលើទីតាំងព្រះវិហារកាតូលិកនៅខេត្ត Sulu បណ្តាលឲ្យមនុស្ស២១នាក់ស្លាប់ ៕
ដោយ៖ធី រីណា