ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវជាតិលេខ១៣ចាស់មុខផ្សារគីឡូលេខ២រងការខូចខាតយ៉ាងដំណំក្នុងខែវស្សាដោយដក់ទឹកលំបាកក្នុងការធ្វើដំណើរ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ផ្លូវជាតិលេខ១៣ចាស់ នៅមុខផ្សារគីឡូលេខ២ថ្មី ហួសផ្លូវបំបែកទៅភូមិកាំងមេម៉ាយបន្តិច មានផ្លូវដាច់សម្បូរជង្ហុកទឹកដក់ ព្រោះគ្មានប្រព័ន្ធលូរំដោះទឹក រួមទាំងទឹកកខ្វក់ហៀរហូរកាត់ផ្លូវ ចេញពីក្នុងផ្សារដក់ពេញផ្លូវ ក្លាយជាភក់ជ្រាំដុះស្លែស្អុយរលួយ ធ្វើឲ្យលំបាកក្នុងការធ្វើដំណើរ និងរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាច្រើនក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ទៅមកផងដែរ។ពួកអ្នកដំណើរមានការរអ៊ូររទាំទៅនឹងទឹកសាចពេលរថយន្តបើកបរមិនចេះយោគយល់អធ្យាស្រ័យទៅលើអ្នកបើកបរម៉ូតូនិងអ្នកធ្វើដំណើរថ្មើរជើងដែលមានទីតាំងស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង/ខេត្តស្ទឹងត្រែង។

ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរជាច្រើនបានលើកឡើងថា ផ្លូវមួយខ្សែនេះជាផ្លូវចាស់ផ្លូវលេខ១៣ និងជាផ្លូវក្នុងក្រុងកាលពីមិនទាន់មានផ្សារ គឺផ្លូវនេះនៅល្អពុំមានដាច់ឬមានជង្ហុកដក់ទឹកនោះឡើយ។ ក្រោយពីបង្កើតជាផ្សារនោះមក ផ្លូវមួយខ្សែនេះត្រូវបានដាច់ ដក់ទឹកធ្វើឲ្យពួកគាត់លំបាកក្នុងការធ្វើដំណើរ គេចគ្នាវាងផ្លូវ។  មិនតែប៉ុណ្ណោះថែមទាំងមានទឹកស្អុយកខ្វក់ហូរចេញពីក្នងផ្សារថែមទៀតផង ដោយសារគ្មានប្រព័ន្ធលូរំដោះទឹក។ 

ពួកគាត់ក៏បានសំណូមពរដល់អាជ្ញាធរក្រុង-ខេត្ត មេត្តាជួយសម្រួលដល់ផ្លូវមួយខ្សែនេះផង ព្រោះសព្វថ្ងៃផ្លូវនេះចង់ក្លាយទៅជាទឹកស្ទឹងទៅហើយ ពេលភ្លៀងធ្លាក់ម្តងៗដក់ទឹក ពេលរាំងស្ងួតសម្បូរជង្ហុក បើកបរជៀសគ្នាលំបាកណាស់ ព្រោះខ្លាចទឹកកខ្វក់សាចដាក់ ប្រឡាក់ខោអាវ និងខ្លាចគ្រោះថ្នាក់។

ជុំវិញការរិះគន់របស់ពលរដ្ឋខាងលើនេះ លោកម៉ែន គុង អ្នកនាំពាក្យសាលាខេត្តបានឲ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា នេះថា: បញ្ហាផ្លូវលេខ១៣ខាងលើដែលរងការខូចខាតនោះ លោកសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋអត់ធ្មត់បន្តិចសិន និងបើកបរសូមចេះអធ្យាស្រ័យគ្នា ដើម្បីបញ្ចៀសនូវហានិភ័យផ្សេងៗ។លោកបានបញ្ជាក់ថាមិនយូរទេផ្លូវនេះខេត្តមានគម្រោងហើយ កំពុងស្ថាបនាផ្លូវភ្លោះចាប់ពីផ្លូវបំបែកចម្ការម៉ៃសាក់មកទីរួមខេត្ត ហើយខេត្តក៏មានគម្រោងជួសជុលដែរដើម្បីជួយសម្រួលដល់បងប្អូនយើង តែបច្ចុប្បន្ននេះខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពុងជាប់រវល់ជួសជុលផ្លូវក្រួសក្រហមលេខ២៦.៤៨ទៅចំការលើ ផ្លូវជាតិលេខ៧៨ និងផ្លូវជាតិលេខ៧ រួចរាល់ទើបមកធ្វើការជួលជុលដើម្បីសម្រួលផ្លូវខាងលើនេះជូនដល់បងប្អូនពលរដ្ឋងាយស្រួលដល់ការធ្វើដំណើរ ទម្រាំផ្លូវភ្លោះយើងធ្វើហើយ ព្រោះធ្វើមួយជំហានម្តងតាមដំណាក់កាល៕

ដោយ៖មាស សុផាត


ចែករំលែក៖