ព័ត៌មានទាន់ហេតុការណ៍៖

លែងសត្វចម្រុះចូលកន្លែងអភិរក្សជលផលជាដែនធម្មជាតិជិត ៣០០ក្បាល នៅស្រុកកណ្ដៀង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងចំរុះរួមមានមន្រ្តីខណ្ឌរដ្ឋបាលជលផល សង្កាត់រដ្ឋជលផលកណ្ដៀង បរិស្ថាន យោធាខេត្តនគរបាលស្រុកកណ្ដៀង សហគមន៍នេសាទ ចូលរួមសហការជាមួយក្រុមការងារសួនសត្វភ្នំតាម៉ៅ លែងសត្វចូលដែនធម្មជាតិជិត ៣០០ក្បាល ។

ករណីលែងសត្វចូលដែនធម្មជាតិខាងលើ ធ្វើឡើងនៅថ្ងៃច័ន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅបឹងទន្លេសាបក្នុងកន្លែងអភិរក្សជលផលត្រង់ចំណុចជ្រោយស្វាព្រាម អតីត(ឡូត៍នេសាទលេខ៦) ស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ នេសាទខេត្តពោធិ៍សាត់ ប្រាប់ថា សត្វទាំងអស់ដែលក្រុមការងារលែងចូលក្នុងកន្លែងដែនធម្មជាតិវិញនោះរួមមាន សត្វស្លាប(ប្រវឹក)ចំនួន ២៥០ក្បាល សត្វស្វាព្រាមចំនួន ៥ក្បាល និងសត្វភេចំនួន ៤ក្បាលផងដែរ មន្រ្តីជំនាញទាំងនោះសង្ឃឹមជឿជាក់ និងទុកចិត្តមួយរយភាគរយលើប្រជាពលរដ្ឋយើង ចូលរួមសហការថែរក្សាសម្បតិ្តធនធានធម្មជាតិរបស់យើងទាំងអស់គ្នា ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖