ខេត្តកំពត៖ ល្អាង ឈ្ងោក មានរចនាបទ ពិសេសៗ និងជាថ្មធម្មជាតិមានសារសំខាន់ អត្ថប្រយោជន៍ សម្រាប់ជារមណីយដ្ឋាន ធម្មជាតិដ៏មានតំលៃ លើវិស័យទេសចរ ។ ក្នុងនោះ ទី១-តម្លៃសោភ័ណភាពធម្មជាតិ៖ មើលពីចំងាយ ភ្នំឈ្ងោកជាភ្នំថ្មធម្មជាតិ គ្របដណ្តប់ដោយរុក្ខជាតិយ៉ាងស្រស់ស្អាត ហើយនៅក្នុងភ្នំ មានល្អាង សំខាន់ៗ ដូចជា ល្អាងឈ្ងោក ចក្កវាឡ ព្រះម៉ែគង្គា ភាជន៍មាស សសរ១០០ ប្រាសាទបុរាណ លោកតាវុធ យាយសុជាតា និងថ្មចាំង។ ល្អាងនិមួយៗ មានលក្ខណ:ពិសេសរបស់ខ្លួនដូចជាក្នុងល្អាងឈ្ងោក ធម្មជាតិបានបង្កើតរូបរាង ដែលមើលទៅដូចជាដានជើងហនុមាន ដំរីមេនិងកូន គោ ឥន្ទ្រី ជ្រូក អណ្តើក ក្រពើអត់ក្បាល រូបព្រះនាងស ព្រះនាងខ្មៅ ព្រមទាំងមានស្តាឡាទីត និង ស្តាឡាមីតស្អាតៗ។ ក្រៅពីល្អាងសំខាន់ ៗខាងលើ ភ្នំឈ្ងោកមានល្អាងតូចៗ ប្រមាណជាងបីរយទៀត បើតាមការរៀបរាប់របស់អ្នកស្រុក។
ទី២-តម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌៖ ក្នុងល្អាងឈ្ងោក នៃភ្នំឈ្ងោក មាន បា្រសាទភ្នំឈ្ងោក កសាងនៅស.វ.ទី៦ ក្នុងរាជព្រះបាទជ័យវរ្ម័នទី១។ ដោយឡែកល្អាងចក្កវាឡ(ផ្សព្វផ្សាយនៅវគ្គក្រោយ) គឺជាទីកន្លែងសក្ការ: បូជា៨ទិស និងភពទាំងបីតំណាងឱ្យឋានក្រោម ឋានមនុស្ស និងឋានសួគ៌។ មានរឿងដំណាលថា ពីមុនធ្លាប់មានដានជើងសត្វនាគ នៅល្អាងចក្កវាឡ។ ក្នុងល្អាងភាជន៍មាសមានសម្លេងភ្លេងពិណពាទ្យឡងចេញមកវិញ ពេលគេយកថ្មទៅគោះនៅតាមជញ្ជាំងរូងស្គរតូច និងស្គរធំ។ ក្នុងល្អាងសសរ១០០ គេបានរកឃើញក្រឡដាក់ឆ្អឹងបុរាណ។ គ្រប់ល្អាងទាំងអស់គឺជាកន្លែង គោរពបន់ស្រន់ដ៏សក្តិសិទ្ធិ ហើយគេនៅមានជំនឿថា ភ្នំឈ្ងោកមានបារមី ណាស់។
ទី៣-តម្លៃជីវ:ចម្រុះ៖ ភ្នំឈ្ងោកជាជម្រក នៃសត្វនិងរុក្ខជាតិនានា ដែល យើងមិនទាន់បានដឹងថាមានប្រភេទសត្វ និងរុក្ខជាតិកម្រ និងជិតផុតពូជ អ្វីខ្លះដែលមានតម្លៃលេចធ្លោជាសកលសម្រាប់ការអភិរក្ស និងវិទ្យាសាស្ត្រ។ ទាមទារការសិក្សាបន្ថែម។
ទី៤-សណ្ឋានដី៖ ភ្នំឈ្ងោកជាតំបន់ភ្នំដែលព័ទ្ធទៅដោយដីរាបស្មើ។
ទី៥- ភូគព្ភសាស្ត្រ៖ ភ្នំនេះ ប្រហែលជាត្រូវបានកកើតឡើងនៅស័កទី២ (សម័យដាយណូស័រ) នៃប្រវត្តិកកើតផែនដី។ តួភ្នំទាំងមូលជាប្រភេទថ្ម កំបោរ និងលាយឡំថ្មក្រានីត/ថ្មចាំង។
ភ្នំឈ្ងោកស្ថិតនៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ចំងាយប្រមាណពីរគីឡូម៉ែត្រ ពីស្ថានីយបុរេប្រវត្តិសាស្ត្រ ភ្នំក្បាលរមាស (អ្នកខ្លះហៅថាភ្នំ សេដាប្អូន ឬក្រោយមកក្លាយជាសេដាឱ្យន) និង ១៣គីឡូម៉ែត្រ ពីក្រុងកំពត តាមផ្លូវជាតិលេខ៣៣។
បញ្ហាប្រឈម៖ នៅបន្តមានការលួចចាប់សត្វព្រៃ(ស្វា ជាដើម)ដើម្បីជួញ ដូរ។ មានការដាំដំណាំចម្រុះ ដល់ជើងភ្នំតែម្តងនៅក្នុងបរិវេណតំបន់ ហាមឃាត់ នៃតំបន់ការពារបេតិកភណ្ឌវប្បធម៌។ ផ្តែនិងផ្នែកខ្លះ នៃតួ ប្រាសាទបែកបាក់។
ប្រាសាទភ្នំឈ្ងោកបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រួចហើយ។ បច្ចុប្បន្ន ក្រសួងបរិស្ថានបាន និងកំពុងវាយតម្លៃលើសក្តានុពល នៃតំបន់ភ្នំឈ្ងោក ដើម្បីសុំរដ្ឋាភិបាលបង្កើតទៅជាតំបន់ការពារ បេតិកភណ្ឌធម្មជាតិ ដើម្បី ការពារនិងអភិរក្សតម្លៃខាងលើ សម្រាប់ជាកេរ្តិ៍មរតកមនុស្សគ្រប់ជំនាន់៕
សម្រួល៖ ពីក្រសួងបរិស្ថាន