ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានស្ត្រីបីនាក់ដែលមានមុខមាត់ក្នុងសង្គមចេញមុខ ដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ។ បណ្តឹងនោះគឺកើតមានឡើងក្រោយពីតារាស្រីរូបនេះបានធ្វើការ ផ្សាយផ្ទាល់(Live ) តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់អ្នកនាងអស់រយៈពេលជាច្រើនថ្ងៃបន្តបន្ទាប់គ្នា។
បណ្តឹងផ្តើមចេញពីការផ្សាយផ្ទាល់(Live ) តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់អ្នកនាង ម៉េង កែវពេជ្ជតា កាន់តែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍។ ពាក្យបណ្តឹង ដំបូងត្រូវបានដល់ដៃមន្ត្រីសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ។ ស្ត្រី ឈ្មោះរស់ សោភ័ណ្ឌដែលជាប្រពន្ធក្រោយរបស់លោកឧត្តមសេនីយ៍ មួង ឃីម ជាអតីតប្តីរបស់អ្នកនាង ម៉េង កែវពេជ្ជតា បានប្តឹងលើតារាចម្រៀងរូបនេះពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងសម្លុតកុំឲ្យដាក់ពាក្យប្តឹង។ កាន់តែភ្ញាក់ផ្អើលគឺបណ្តឹងនោះទាមទារសំណងជំងឺចិត្ត លើសំណងត្រឹម១០០រៀល និងសុំឲ្យចោទប្រកាន់ ផ្តន្ទាទោសតាមច្បាប់ និងសុំឲ្យប្រកាសសុំទោសលើបណ្តាញសង្គមហ្វេសប៊ុកជាសាធារណៈ។
បណ្តឹងទី២ដែលធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងនោះគឺអ្នកនាងរងបណ្ដឹងពីប្អូនស្រីបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន គឺលោកស្រី ហ៊ុន ស៊ីណាត។ លោកស្រី បានចោទអ្នកនាង ម៉េង កែវពេជ្រចិន្ដា និងគូកនថាបានបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើងលើលោកស្រីកាលពីពេលកន្លងទៅថ្មីៗ។នៅក្នុងពាក្យបណ្ដឹងដែលលោកស្រី ហ៊ុន ស៊ីណាត ដាក់ចូលសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ បានរៀបរាប់ថា តារាចម្រៀងម៉េង ម៉េងកែវពេជ្ជតា បាននិយាយនូវពាក្យសម្ដីធ្ងន់ៗតាមហ្វេសប៊ុក Live នូវរឿងមួយដែលទាក់ទងដល់ឈ្មោះរបស់លោកស្រី កាលពីថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២០។
ទី៣នោះគឺបណ្តឹងដែលដាក់ចូលទៅសាលាដំបូងរាជធានីភ្នំពេញដំណាលគ្នានឹងបណ្តឹងលោកស្រី ហ៊ុន ស៊ីណាត ដែលប្តឹងដោយ លោកស្រី ហង្ស បូរី ដែលស្ថិតក្រោមបទចោទដូចគ្នានេះដែរ។ ក្នុងបណ្តឹងនេះដែរ លោកស្រី បានទាមទារឲ្យតារារូបនេះសងជំងឺចិត្តចំនួន ៥០រៀល និងសុំឲ្យតារាចម្រៀងរូបនេះធ្វើការសុំទោសជាសាធារណៈ ។
បើទោះបីជារងបណ្តឹង៣ផ្ទួនៗក្តី ក៏តារាចម្រៀងរូបនេះនៅតែបង្ហាញការសប្បាយចិត្ត និងរីករាយក្នុងជីវិតប្រចាំថ្ងៃ ថែមទាំងថ្លែងសារថាខ្លួននៅតែរឹងមាំ និងរងចាំការចេញមុខបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញដោយពេញចិត្ត ក្រោមហេតុផលថានាងជាមនុស្សស្អាតស្អំ ដែលនឹងទទួលបានយុត្តិធម៌។
ការបន្តផ្សាយផ្ទាល់(Live)ទាំងការសប្បាយចិត្តអមដោយការច្រៀងតាមសំណូមពរអ្នកគាំទ្រតារាស្រីរូបនេះហាក់បង្ហាញពីការមិនបារម្ភ ឬភិតភ័យណាមួយឡើយ។ គេនៅមិនទាន់ដឹងនៅឡើយទេថា តើស្ថានភាពនៃការប្តឹងរបស់ស្រ្តីទាំង៣ដែលមានឥទ្ធិពល និងមុខមាត់ក្នុងសង្គម អាចនឹងធ្វើឲ្យជីវិតតារាចម្រៀងរូបនេះប្រែប្រួលដែរឬយ៉ាងណា ខណៈអ្នកសិល្បៈ និងមហាជនស្នើឲ្យមានការបញ្ចប់ពាក្យដៀមដាម ឬមានអន្តរាគមន៍ណាមួយដើម្បីបញ្ចប់ជម្លោះពាក្យសម្តីទាំងស្រុង ។
គួរបញ្ជាក់ដែរថាផ្តើមចេញពីការLiveវីដេអូ ថ្ងៃបុណ្យអ្នកម្តាយកាលពីដើមសប្តាហ៍នេះ អ្នកស្រី ម៉េង កែវពេជ្ជតា បានរៀបរាប់អំពីជីវិតដែលប្រឹងប្រែងរស់ និងភាពតស៊ូដើម្បីកូនប្រុសស្រីក្រោយលែងលះស្វាមីលោកឧត្តមសេនីយ៍ឯក មួង ឃីម។ គាប់ជួនមានគណនីយមួយបានចូលទៅបញ្ចេញយោបល់(Comment) អំពីរឿងប្រាក់ដែលបានពីការលែងលះគ្នាធ្វើឲ្យអ្នកស្រី មិនពេញចិត្ត និងចាប់ផ្តើមបើកកកាយរឿងជូរចត់ និងអយុត្តិធម៌គ្រាដែលរួមរស់ជាមួយអតីតស្វាមី និងក្រោយពេលលែងលះ៕ ដោយ ៖វឌ្ឍនា