ព័ត៌មានទាន់ហេតុការណ៍៖

តុលាការប្រទេសបារាំង សម្រេចចោទប្រកាន់ទណ្ឌិត សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា

ចែករំលែក៖

ប្រទេសបារាំង៖ ទីបំផុតតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស សម្រេចចោទប្រកាន់ទណ្ឌិត សម រង្ស៉ី ដែលជាមេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមបណ្តឹងលោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ ។ នេះបើយោងតាមការបញ្ជាក់ពីក្រុមមេធាវីរាជរដ្ឋាភិបាល ដែលបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុក ក្រោយទទួលពីមេធាវីបារាំងការពារក្តីជូនលោក ឌី វិជ្ជា នៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

ការសម្រេចដាក់នៅក្រោមការចោទប្រកាន់លើទណ្ឌិត សម រង្ស៉ី នេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដោយដាក់បុគ្គល សម រង្ស៉ី ឱ្យស្ថិតនៅក្រោមការ ចោទប្រកាន់អំពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» តាមការសម្រេចរបស់ចៅក្រមស៊ើបសួរ នៃតុលាការព្រហ្មទណ្ឌ ទីក្រុងប៉ារីស។

ការចោទប្រកាន់នេះគឺត្រូវបានធ្វើឡើងចំពោះគ្រប់ពាក្យសម្ដីចោទប្រកាន់ទាំងអស់ដែលបានលើកឡើងនៅក្នុងពាក្យបណ្ដឹងរបស់លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

ចៅក្រមស៊ើបសួរបារាំងបានកត់សម្គាល់ថា មានតម្រុយ និងភស្តុតាងគ្រប់គ្រាន់ និងស៊ីសង្វាក់ ដែលអាចបញ្ជាក់ថា បុគ្គល សម រង្ស៉ី បានប្រព្រឹត្តបទល្មើសដូចដែលបានចោទប្រកាន់ខាងលើ។ សូមបញ្ជាក់ផងដែរថា បុគ្គល សម រង្ស៉ី មិនបានធ្វើការជំទាស់នឹងពាក្យសម្ដីរបស់ខ្លួនដែលត្រូវបានចោទប្រកាន់នោះទេ។ ដូច្នេះការបញ្ជូនបុគ្គល សម រង្ស៉ី ទៅតុលាការព្រហ្មទណ្ឌ ដើម្បីកាត់ទោសគឺជារឿងមិនអាចចៀសផុតឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង។

តើទណ្ឌិត សម រង្ស៉ី នឹងមានលេសដូចម្តេចទៀត នៅពេលដែលតុលាការប្រទេសបារាំង ជាប្រទេសដែលទណ្ឌិត សម រង្សី កំពុងរស់នៅបច្ចុប្បន្ននេះ បានធ្វើការចោទប្រកាន់ និងឈានទៅដល់ការកាត់ទោសបុគ្គល សម រង្ស៉ី នាពេលខាងមុខដែរនោះ?៕

ដោយ៖ស តារា


ចែករំលែក៖