ភ្នំពេញ៖ ក្រោមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានដាក់គ្រឿងចក្រជាច្រើនគ្រឿងទៅកាយប្រឡាយអមផ្លូវជាតិលេខ៤ និងតំបន់មុខសាលាក្តីខ្មែរក្រហមក្នុងសប្តាហ៍នេះ ដើម្បីស្តារប្រឡាយនៅអមសងខាងផ្លូវជាតិលេខ៤នេះឱ្យបានជ្រៅ ដើម្បីរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងឱ្យបានលឿន។
ការណែនាំនិងជម្រុញបែបនេះរបស់ លោក ឃួង ស្រេងបានធ្វើឡើងក្នុងកិច្ចប្រជុំ ជាមួយមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌ កាលពីរសៀលថ្ងៃទី១៧ខែមិថុនានេះ នៅសាលារាជធានីភ្នំពេញ។
លោកអភិបាលរាជធានីភ្នំពេញបញ្ជាក់ថា៖មូលហេតុដែលតំបន់នេះរងការជន់លិចដោយសារតែការរងផ្ទៃទឹកហូរពីខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួលខេត្តកណ្តាល ហើយបណ្តាប្រឡាយរងតូចៗមួយចំនួនទៀតបានគោករាក់ និងការរំលោភចំណីប្រឡាយពីប្រជាពលរដ្ឋ។លោកបានបន្តថា៖អាជ្ញាធរនឹងពន្លឿនការដោះស្រាយការជន់លិចនៅតំបន់នេះឱ្យបានលឿនដែលសម្រួលការលំបាករបស់ប្រជាពលរដ្ឋនិងការរំខានការធ្វើដំណើរជាដើម។
ក្នុងកិច្ចប្រជុំនោះលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានមានប្រសាន៍ថា៖ ជាមធ្យោបាយបន្ទាន់ដើម្បីដោះស្រាយបញ្ហាជន់លិចនៅតំបន់នេះឱ្យមានប្រសិទ្ធភាពមន្ទីរបានកាយភក់ចេញពីបាតប្រឡាយអម សងខាងផ្លូវជាតិលេខ៤ ត្រង់មុខសាលាក្តីខ្មែរក្រហម មកដល់ផ្លូវរថភ្លើង បន្ទាប់មកទៀតមកផ្នែកខាងជើងស្តារប្រឡាយតាម បណ្តោយផ្លូវរថភ្លើងឆ្ពោះទៅមហាវិថីឈ្នះ ឈ្នះ ចាក់ទៅបឹងតាមោក ទំនប់កប់ស្រូវ។
ចំណែកខាងត្បូងផ្លូវជាតិលេខ៤វិញនិងត្រូវស្តារប្រឡាយតាមបណ្តោយផ្លូវរថភ្លើងឆ្ពោះទៅប្រឡាយតាហោចាក់ទៅស្ទឹងព្រែកត្នោត និងប្រឡាយមួយទៀតតាមផ្លូវជាតិលេខ៣ ឆ្ពោះទៅបឹងជើងឯក។ លោកបញ្ជាក់ថា៖ គម្រោងនេះនឹងជួយរំដោះទឹកហូរបានលឿនជាងមុន កាត់បន្ថយបានការជន់លិច។
សូមបញ្ជាក់ថា៖ រដ្ឋបាលនៅភ្នំពេញកំពុងសិក្សាជាមួយក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីបង្កើតប្រព័ន្ធស្ទាក់ទឹកពីខេត្តកំពង់ស្ពឺឱ្យហូរចាក់ទៅស្ទឹងព្រែកត្នោតតែម្តង ដែលអាចកាត់បន្ថយកុំឱ្យហូរចូលមករាជធានីភ្នំពេញបង្កឱ្យមានការជន់លិចដោយជំនន់ទឹកភ្លៀង៕ដោយ៖សំរិត