ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ក្មេងប្រុសម្នាក់របួសធ្ងន់ស្រាល៤នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងក្នុងថ្ងៃតែមួយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានក្មេងប្រុសម្នាក់ស្លាប់និងរបួសធ្ងន់ស្រាល៤នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅស្រុកចន្ទ្រានិងស្រុកកំពង់រោទ៍។

បើតាមសមត្ថកិច្ចនគរបាលខេត្តបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នៅត្រង់ចំណុចភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្ទ្រា មានម៉ូតូម៉ាកហុងដាZOOMER- X ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហម ស ពាក់ស្លាកលេខ ស្វាយរៀង ១L-២១៨២បើកបរដោយឈ្មោះផន បរិញ្ញា អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ  មានទីលំនៅភូមិតែងម៉ៅ ឃុំ ចន្រ្ទា ស្រុកចន្រ្ទា ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះស្រាប់តែមានក្មេងប្រុសម្នាក់ឈ្មោះដា ដានទីតាន់  អាយុ ៦ឆ្នាំ រស់ក្នុងភូមិឃុំកើតហេតខាងលើ រត់ឆ្លងផ្លូវខ្វះប្រុងប្រយ័ត្នក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារបញ្ជូនមកសង្គ្រោះ ប៉ុន្តែដោយរបួសធ្ងន់ពេកក៏ដាច់ខ្យល់ស្លាប់ពាក់កណ្ដាលផ្លូវតែម្ដង។

ករណីទី២ បានកើតឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ស្ថិតនៅលើផ្លូវជាតិលេខ៣១៤D ចំណុចភូមិត្រពាំងឆ្លូញ ឃុំញ ស្រុកកំពង់រោទ៍ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១G-៣៧០៩បើកបរដោយឈ្មោះញូង យ៉ុន អាយុ៣២ឆ្នាំ មុខរបរកសិករនិងកូនប្រុសឈ្មោះរ៉ុន រ៉ាយុទ្ធ អាយុ ៤ឆ្នាំរស់នៅភូមិ ត្រពាំងឆ្លូញ ឃុំញ ស្រុកកំពង់រោទ៍ ខណៈនោះស្រាប់តែមានម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងម៉ាកយ៉ាម៉ាហាសុីរូស ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះយុិនសារិន ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិត្រោក ឃុំប្រធាតុស្រុកកំពង់ត្របែក ខេត្តព្រៃវែងជិះជែងមិនប្រកាន់ស្តាំក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។

ក្រោយកើតហេតុវត្ថុតាងម៉ូតូទាំង២គ្រឿងសមត្ថកិច្ចនគរបាលអូសយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលញដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖